អបអរសាទរ ជំទាវ ស៊ន សៀវមុី ព្រមទាំងគូដណ្តឹង បានសម្រេចចិត្តរៀបចំពិធីសែនព្រេន ជាមួយនឹងក្រុមគ្រួសារ ដោយមិនរៀបចំធំដុំទេ
លោកជំទាវ ស៊ន សៀវមុី ដែលជាកីឡាការិនីឆ្នើមរបស់កម្ពុជា លើប្រភេទកីឡាតេក្វាន់ដូ និងជាកីឡាការិនីដំបូងគេ ដែលដណ្ដើមបានមេដាយមាស ពីការប្រកួត Asia Game ឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់មេដាយមាសកីឡាសុីហ្គេម ចំនួន៣ជំនាន់ កាលពីឆ្នាំ២០១៣ នៅប្រទេសភូមា ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេសុី ហើយចុងក្រោយ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
យ៉ាងណាមិញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ លោកជំទាវ ស៊ន សៀវមុី ក៏បានសម្រេចចិត្តធ្វើការភ្ជាប់ពាក្យជាមួយ បុរសសង្ហារម្នាក់ មានឈ្មោះ កែវ ដេវិត ដែលគាត់ គឺជាជាងថតរូបដ៏មានឈ្មោះល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រោយការភ្ជាប់ពាក្យ បានរយៈពេលប្រហែលជិត ១០ខែមកនេះ និងបានមើលចិត្តគ្នារួចរាល់ហើយ នាថ្ងៃនេះ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់ទាំងពីរ ក៏បានសម្រេចចិត្តធ្វើពិធីសែនព្រេន បែរសាមញ្ញមួយ ដោយមានការអញ្ចើញចូលរួមពីសំណាក់ក្រុមគ្រួសារទាំងសងខាង និងមិត្តភក្ដិជិតស្និតប៉ុន្មាននាក់ ដើម្បីជាការចូលរួមដឹងឮតែប៉ុណ្ណោះ។ លុះដល់ពេលវេលាល្អ និងសភាពការណ៍ប្រក្រតីល្អឡើងមកវិញ ពួកគាត់នឹងរៀបចំពិធីធំដុំ ស្របតាមប្រពៃណីជាតិខ្មែរតែម្ដង។ ទន្ទឹមនឹងពិធីជ័យមង្គលរបស់លោកជំទាវ ស៊ន សៀវមុី រួមនឹងស្វាមី ក្រោយមហាជនបានឃើញទិដ្ឋភាពនេះរួចមក បាននាំគ្នា ផ្ញើសារជូនពរ ដល់គូស្វាមីភរិយាថ្មីមួយគូនេះ អោយស្រលាញ់គ្នាដ៏ចាស់កោងខ្នង និងផ្អែមល្ហែមជារៀងរហូតតទៅ។