រំភើបចិត្តណាស់ លោក ស្រី ទ្រី ដាណា និងស្វាមី បានរៀបចំពិធីឡើងគេហដ្ឋានថ្មី នៅឯខេត្តសៀមរាប ដោយមិនបានធ្វើកម្មវិធីជប់លៀងធំដុំទេ គឺប្តូរមកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់
លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។
ដោយឡែក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី ក៏បានរៀបចំប្រារព្ធពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ស្ថិតនៅឯខេត្តសៀមរាប ហើយក៏ឆ្លៀតក្នុងឱកាសនោះ ពួកគាត់ទាំងពីរ ក៏បានចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ក្នុងទិដ្ឋភាពពោរពេញទៅដោយស្នាមញញឹម។ លោកស្រី ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖
“ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប មិនបានធ្វើកម្មវិធីជប់លៀងអីថំដុំទេ គ្រាន់តែក្រុងពាលី និងសូត្រមន្តតាមបែបប្រពៃណីសាសនាមួយព្រឹក ហើយក៏យកពេលនេះ មកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ដែលអំណោយមាន អង្ករ 20គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ និងថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាព។ ឃើញពួកគាត់សប្បាយចិត្តណាស់ ភាគច្រើនសុទ្ធតែចាស់ៗជរា។ មានអារម្មណ៍ថាស្រស់ស្រាយ បានផ្ទះថ្មី ហើយក៏អាចជួយពួកគាត់ក្នុងពេលតែមួយ”៕