ទីបំផុត អាជី និង ប្អូនស្រី ព្រមទាំងក្រុមសម្តែងរឿងទំទាវ ២០២១ បានចូលខ្លួនបំភ្លឺ តាមការអញ្ចើញ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានធ្វើកិច្ចសន្យា៨ចំណុច
ថៅកែលក់ឡេ សាច់សខ្ចី ពីរនាក់បងប្អូន នោះគឺ កញ្ញា តេង សុីណាត ហៅ អាជី និងកញ្ញា តេង ដាណា ហៅ អាមុី ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីខ្លួន បានថតសម្ដែង នូវរឿងបែបខ្លីមួយ ដែលមានចំណងជើងថា “ទុំទាវឆ្នាំ២០២១” ធ្វើឲ្យប៉ះពាល់ដល់ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិយ៉ាងខ្លាំង។
យ៉ាងណាមិញ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ រួចមក ពេលនេះក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានសម្រេចឲ្យក្រុមអ្នកសម្ដែង ទាំង៨នាក់ ក្នុងរឿង ទុំទាវឆ្នាំ២០២១ ធ្វើការចេញវីដេអូសុំទោស ប្រជាពលរដ្ឋខ្មែរជាសាធារណៈ និងធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ចំនួន ៨ចំណុច ដូចតទៅ៖
“ទី១ មិនប្រពឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបទ ព្រមទាំងពាក្យសម្ដី ដែលបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិទៀតឡើង។ ទី២ មិនបង្ហាញភាព សុិ ច សុី បែបអនាចា រ ក្នុងបណ្ដាញសង្គម។ ទី៣ ប្រើប្រាស់ចំណេះ ជំនាញដែល ខ្ញុំបាទ/នាងខ្ញុំមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិ។ ទី៤ យល់ព្រមប្រគល់ផេក អាខោន ឈ្មោះ Hokima និងអាខោន TikTok ឈ្មោះ Ah Gi Leader261 ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំបាទ/នាងខ្ញុំ អោយក្រុមការងាររបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងលុបចោលទាំងស្រុង។
ទី៥ សន្យាមិនទាញយកទិន្នន័យក្នុង ផេក អាខោន ឈ្មោះ Hokima និងអាខោន TikTok ឈ្មោះ Ah Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួង មករក្សាទុក ឬ ប្រើប្រាស់ឡើយ។ ទី៦ សន្យានឹងសហការជាមួយម្ចាស់ ផេក អាខោន ឈ្មោះ Hokima ដែលនាងខ្ញុំជួលពីមិត្ត ជូនទៅសមត្ថកិច្ច ដើម្បីលុបផេក អាខោន ឈ្មោះ Hokima ទាំងអស់។ ទី៧ ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៍មាន។ ទី៨ ប្រសិនបើ ខ្ញុំបាទ/នាងខ្ញុំ នៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្ដី ភាពសុិ ច សុី បែបអនា ចារ បណ្ដាលឲ្យមានផលប៉ះពាល់ចំពោះ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិជាបន្ដទៀត ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។