អាណិតខ្លាំងណាស់ ប្តីបានទទួលមរណភាពទៅហើយ តែបែរជាឪពុកក្មេក និងម្តាយក្មេក ធ្វើប្លង់យកដីពីកូនប្រសារវិញ
បើយោងតាមរយៈសំណេរទាំងស្រុងមួយ របស់ឯកឧត្ដម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានសរសេរប្រាប់ពីដំណើរសាច់រឿងដ៏កំសត់មួយ ដោយម្តាយក្មេក និងឪពុកក្មេកបានធ្វើប្លង់យកដីពីកូនប្រសារវិញ ក្រោយពេលកូនបង្កើតរបស់ខ្លួនទទួលមរណភាព ដោយជំងឺ គាំងបេះដូង កាលពីឆ្នាំ២០១៧កន្លងទៅនេះ។ ឯកឧត្តម ដួង ដារ៉ា បានសរសេរប្រាប់ឱ្យដឹងថា៖
“រឿងរ៉ាវដ៏កំសត់មួយ កើតឡើងចំពោះប្អូនស្រី ទូច កញ្ចនា អាយុ៣១ឆ្នាំ មានកូនប្រុស២នាក់ក្នុងបន្ទុក និងមានមុខរបរជាជាងកាត់ដេរ។ ប្អូនស្រីបានរៀបការជាមួយប្តីឈ្មោះ ឡៃ វិរៈ កាលពីឆ្នាំ២០១១ មានមុខរបរជាងជួសជុលរថយន្ត ជាអកុសលប្តីប្អូនស្រី បានទទួលមរណភាពដោយសារជម្ងឺគាំងបេះដូង កាលពីឆ្នាំ ២០១៧។ មុនពេលមរណភាព ពីរនាក់ប្តីប្រពន្ធបានខិតខំរកសុីសន្សំប្រាក់បានមួយចំនួន ហើយបានទិញដីមួយកន្លែងទំហំ ១៧ម x ៥៧.៣០ម ស្ថិតនៅភូមិអូលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (លេខរៀងក្នុងបញ្ជី ៣៥៨)។ ក្នុងពេលទិញដីនោះ ពីរនាក់ប្តីប្រពន្ធបានខ្ចីលុយឪពុកម្តាយក្មេក (ឪពុកម្តាយរបស់ប្តី) មួយចំនួន ហើយបន្ទាប់មកក៏បានសងគាត់គ្រប់ចំនួនវិញអស់ហើយដែរ។ ថ្លៃទិញដីសរុបមានចំនួនជាង៦ពាន់ដុល្លារ ហើយពេលនោះឪពុកម្តាយក្មេក ក៏បានជួយលុយមួយចំនួនតូច ដើម្បីបង្រ្គប់ថ្លៃទិញដីអោយកូនបានរស់នៅក្រោយពេលរៀបការ។
ក្រោយពីប្តីស្លា ប់ ទៅ ឪពុកម្តាយក្មេកក៏បានមកទាមទារយកដីនោះពីកូនប្រសារវិញ ដោយអះអាងថាជាដីគាត់បានទិញយូរហើយ ដោយបានបញ្ជាក់ថា គាត់មានប្លង់រឹងទៀតផង (ធ្វើតាំងពីឆ្នាំ២០១៥) ទើបធ្វើអោយមានវិវាទកើតមានឡើងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេក ហើយបានក្តីក្តាំគ្នាតាមផ្លូវតុលាការមកដល់ពេលនេះ។ ក្នុងលិខិតទិញដីគឺដាក់ឈ្មោះប្តី ឡៃ វិរៈ និងបងស្រី ឡៃ ធីតា (មិនមានឈ្មោះប្រពន្ធ)។ ពេលនោះឪពុកម្តាយក្មេកជាអ្នករក្សាទុកក្រដាសស្នាមទិញលក់នៅគាត់។ លោកមេឃុំមេសរជ្រៃក៏បានចេញលិខិតបញ្ជាក់ទិញដីថាពិតជាដីរបស់កូនប្រាកដមែន។ ទន្ទឹមនឹងនោះដែរ លោកមេភូមិអូលើ ឈ្មោះ វ៉ាន វី និងលោកមេឃុំមេសរជ្រៃឈ្មោះ ប៊ីន ថៃលាង និងសាក្សី១០នាក់ទៀត ក៏បានបញ្ជាក់អះអាងថា ទូច កញ្ចនា ពិតជាប្រពន្ធ ដែលបានរស់នៅជាមួយប្តីលើដីក្នុងអាស័យដ្ឋានខាងលើពិតប្រាកដអស់រយៈពេល៦ឆ្នាំ (២០១១-២០១៧) ពិតប្រាកដមែន។ ដោយភាពទាល់ច្រកខ្លាចបាត់បង់ទីកន្លែងជ្រកកោនសម្រាប់ខ្លួន និងកូនៗ កាលពីថ្ងៃទី១៤ ខែកញ្ញា ២០២០ ប្អូនស្រី ទូច កញ្ចនា បានដាក់ពាក្យគោរពសុំសម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាជួយផ្តល់យុត្តិធម៌ដល់រូបគាត់និងកូនតូចៗទាំង២។
រឿងរ៉ាវក្តីក្តាំនេះ ពិតជាគួរអោយសង្វេ គ ណាស់ ព្រោះជីវិតក្មេងៗ២នាក់ ដែលឪពុកស្លា ប់ បាត់ទៅ ត្រូវនៅក្នុងបន្ទុកម្តាយមេម៉ាយចិញ្ចឹមបីបាច់ថែរក្សា ហើយពេលនេះកំពុងប្រឈមនឹងក្តីក្តាំជាមួយជីដូនជីតា និងជាឪពុកម្តាយក្មេក។ បើឈ្នះក្តី គឺនឹងមានដំបូលស្នាក់នៅបន្តជាមួយម៉ែកូនទាំង២តទៅទៀត ប៉ុន្តែបើចាញ់ក្តីគឺនឹងត្រូវប្រឈមនឹងបាត់បង់ទីកន្លែងជ្រកកោន និងអត់ផ្ទះសម្បែងស្នាក់នៅ រួមទាំងបញ្ហាមួយចំនួនធំទៀត។ ពេលនេះ តុលាការកំពូលបានស្តាប់ហេតុផលគ្រប់យ៉ាង រួមទាំងទទួលស្គាល់ថាប្តីប្រពន្ធជាអ្នកទិញពិតប្រាកដ។ តុលាការកំពូលក៏បានបញ្ជូនសំណុំរឿងនេះ ទៅឧទ្ធរអោយកាត់ក្តីឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ត្រឹមត្រូវជូនពលរដ្ឋ រ ង គ្រោះពិតប្រាកដ។ សង្ឃឹមថាប្អូនស្រីនិងកូនទាំង២ នឹងទទួលបានយុត្តិធម៌ពិតប្រាកដនាពេលដ៏ខ្លីខាងមុខ។ សច្ចធម៌ យុត្តិធម៌ និងមេត្តាធម៌ ត្រូវដើរទន្ទឹមគ្នា ទើបពលរដ្ឋអាចរស់នៅប្រកបដោយសេចក្តីសុខ ក្រោមដំបូលសន្តិភាព។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕