នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ចំពោះយានជំនិះ ដែលផ្ទុកទំនិញមិនបានត្រឹមត្រូវ និងត្រូវពិន័យប្រាក់ចំនួន
យោងតាមរយៈគណនីហ្វេសប៊ុករបស់បងប្រុសម្នាក់ដែលមានឈ្មោះ Ly Sovanduong កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ បានបង្ហោះពីសកម្មភាពឃ្លីបវីដេអូមួយដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជនជាច្រើន ទាក់ទងនឹងរថយន្តមួយគ្រឿងបេីកបរដោយប្តីប្រពន្ធពីរនាក់បានដឹកទុយយោដេីម្បីយកទៅចំការ រួចក៏ត្រូវបានប៉ូលិសធ្វេីការឃាត់រថយន្ត ព្រោះតែការដឹកនេះមានលក្ខណៈសំពីងសំពោងខ្លាំងពេក បង្កការប៉ះពាល់ដល់អ្នកដទៃដែលកំពុងធ្វើដំណើរ។
ម្ចាស់គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមជួយអោយយោបល់ផង តើប៉ូលីសខុស រឺ អ្នកឡានខុស? បើកឡានដឹកទុយោទាំងបែបទទឹងទិសប៉ុណ្ណឹងហើយ! នៅហ៊ានស្រែកជំទាលទាំងប្ដីទាំងប្រពន្ធសួរទៅមន្ត្រីប៉ូលិសថា តើខ្ញុំខុសអីទៀត? គំនិតខ្ញុំ ប៉ូលីសគាត់ហៅហ្នឹងត្រឹមត្រូវណាស់ ការដឹកបែបហ្នឹង បង្កហានិភ័យខ្លាំងណាស់ ព្រោះដាក់ទីយោទទឹងចឹង បើបើកប៉ះ រឺកៀគេទៅ មិនបង្កគ្រោះ ថ្នាក់ដល់ជីវិតគេឯងមិនខាន»។
ជុំវិញករណីខាងលើនេះដែរ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០១ នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្ដីបំភ្លឺព័ត៌មាន សូមជម្រាប ជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម ដោយមានខ្លឹមសារដូចតទៅ៖«ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម៖
១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖
-ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
-ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន
-ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន
-ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។
២-គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។ ៣-ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ។ ៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
ប្រសិនអ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាចឃាត់ពិន័យ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង ៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ។ សូមអរគុណ!»។
សូមទស្សនាវីដេអូខាងក្រោម