អតីតព្រះសង្ឃ ប៊ុន សាលួត បានចូលរោងការជាមួយប្រពន្ធក្មេង ក្រោយពីលាចាកសិក្ខាបទបានមួយរយៈ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ បានមានការស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក ហើយក៏មានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នាទម្រាំមានថ្ងៃដ៏ពិសេសនេះ។
យ៉ាងណាមិញ យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម អន្លង់វែង ស្រុកកំណើត បានបង្ហោះនូវទិដ្ឋភាពពិធីមង្គលការមួយដែលទទួលនូវការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ខណៈដែលកូនកំលោះមានវ័យរាងចំណាស់បន្តិច ចំណែកឯកូនក្រមុំវិញនោះ គឺនៅវ័យក្មេង និងមានរូបសម្ភស្សស្រស់ស្អាតខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«សូមជូនពរ លោកឪ ក្នុងការប្រើជីវិតគូថ្មី សូមជួបតែសុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ»។
សូមជម្រាបថា កូនកំលោះមានឈ្មោះ ប៊ុន សាលួត គឺជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ និងជាចៅអធិការវត្តប្រាសាទរាជាសំរោង ព្រះអង្គបានលាចាកសិក្ខាបទនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រោយបួសជាច្រើនវស្សា។