យល់សប្ដិអោយទៅជីកកំណប់ ដល់ពេលទៅជីកស្រាប់តែប្រទះដូចការយល់សប្ដិមែន ស្រាប់តែប្រាប់ប៉ូលីសទៅ វាមិនមែនជារបស់…

ចាស់ៗខ្មែរយើងកាលពីដើម មកតែងតែមានជំនឿយ៉ាងមុតមាំតៗគ្នាថា ការយល់សប្ដិដែលមានគេមកប្រាប់ពីអ្វីមួយ ពេលកំពុងគេងគឺ ជាសុបិននិមិត្ត ដែលទេវតា ឬ ខ្មោច ព្រាយបិសាចចង់បង្ហាញប្រាប់យើងពីអ្វីមួយ អោយយើង បានដឹងមុន ហើយអោយមានលាភសំណាង ដោយប្រាប់ពីកន្លែងលាក់ទុកកំណប់។ ភាគច្រើនការយល់សុបិនបែបនេះ វាជារឿងស័ក្ដិសិទ្ធិដែលនឹងកើតមានមែន។

ខេត្តក្រចេះ៖ បុរសម្នាក់យល់សប្តិយ៉ាងច្បាស់ដូចថ្ងៃរះ ថា មានគេមកពន្យល់ប្រាប់គាត់ថា ចូលអ្នកឯងទៅជីក យកវត្ថុ បុរាណដែលកប់ក្រោមគល់ឈើមួយក្បែរផ្ទះទៅ។ ស្រាប់តែរូបគាត់ ទៅជីកតាមការពន្យល់សប្ដិរបស់គេ ក៏ប្រទះឃើញកប់ ក្រោមគល់ឈើមួយនៅក្បែរផ្ទះរបស់គាត់ ពិតប្រាកដមែន ដូចអ្វីដែលគេប្រាប់មែន។ របស់ដែលជីកបាននោះ មានដូចជា ឃ្លោកស្ពាន់ ១ និងគីង្គគ់ ចំនួន ២ ដែលមានក្បាច់រចនាបែប ចិន ប៉ុន្តែតាមការពិតទៅ វត្ថុទាំងនោះមិនមែន វាជាវត្ថុ បុរាណនោះឡើយ។

បុរសជីកបាននោះ គាត់មានឈ្មោះថា ញិះ អឿន អាយុ ៥២ឆ្នាំ គាត់រស់នៅ ត្រពាំងត្រាំង ក្នុងភូមិ កសាង ឃុំ ចង្រ្កង់ ស្រុក ចិត្របុរី ខេត្ដ ក្រចេះ។ បន្ទាប់មក គាត់បានដើរប្រាប់អ្នកក្នុងភូមិ និងប៉ូលីសអាជ្ញាធរ ថារូបគាត់ផ្ទាល់ជាអ្នកជីកបាន វត្ថុបុរាណដ៏មានតម្លៃទាំងនោះដូចជា ឃ្លោក និង រូបគីង្គក់ទាំងនោះមែន។

គាត់ក៏បានយកដើរបង្ហាញ មនុស្សគ្រប់គ្នានៅក្នុងភូមិ ដោយបានបញ្ជាក់ថា ខ្លួនបានរកឃើញវត្ថុទាំងនេះ ក្រោយពេលដែលខ្លួនដេកលក់យល់សប្ដិ ថាគេអោយទៅជីកដី ក្បែរគល់ឈើក្បែរផ្ទះរបស់គាត់ លុះខ្លួនក៏ទៅជីកតាម ស្រាប់តែប្រទះឃើញពិតមែន ដែលមាន ឃ្លោកស្ពាន់ និងគីង្គគ់ពណ៏របស់វាដូចស្ពាន់ ចំនួន២។

ជាមួយនឹងការអះអាងរបស់ បុរសខាងលើនេះ ពីការប្រទះវត្ថុបុរាណចិននេះអ្នកស្រុកភូមិ នៅទីនោះ ព្រមទាំងអាជ្ញាធរដែនដី ស្រុក ចិត្របុរី ហាក់បីដូចជា គ្មានការចាប់អារម្មណ៏ទៅលើរឿងនេះទេ ដោយពួកគាត់បានចាប់ទុករឿងទាំងអស់នឹង គឺជារឿងបោកប្រាស់ របស់បុរសនោះតែប៉ុណ្ណោះ ព្រោះវត្ថុទាំងនោះមិនមែនជារបស់បុរាណពិតនោះទេ។

មន្ដ្រីនរគបាល ប៉ុស្ដិ៍ គាត់បានប្រាប់អោយដឹងថា ប្រហែលជាបុរសរូបនោះផងដែរ ត្រូវចាញ់បោកគេ រឿងទិញវត្ថុខាងលើថាជា របស់បុរាណ ទើបខំបង្កើតរឿងដើម្បីថាវត្ថុខាងលើពិតជារបស់បុរាណចិន។ ម្យ៉ាងវិញមួយទៀត បុរសនោះអាចនឹងទិញវត្ថុទាំងនោះមកពីណា ក្នុងរូបភាពថា បានរកឃើញវត្ថុបុរាណចិន ដើម្បីលក់ក្នុងតម្លៃថ្លៃ ព្រោះជិតចូលដល់ថ្ងៃចូលឆ្នាំចិនខាងមុខនេះ។

បន្ទាប់ពីមានការលិចលឺតៗគ្នានោះមកខាងមន្ទីរក៏បានចុះមកពិនិត្យមើល វត្ថុទាំងបីនោះ ហើយក៏បានវាយតម្លៃថា វាមិនមែន ជារបស់បុរាណ ដូចតាមការលើកឡើងទេ ដោយខាងមន្ទីរសំអាងលើហេតុផល មួយចំនួន ដែលមានដូចជា របស់នោះវានៅថ្មី ហើយថែមទាំងមានពណ៏រលោង ព្រមទាំងរណ្ដៅដែលជីកឃើញវត្ថុទាំងនោះ គឺទើបកកាយថ្មីនូវឡើយ។ បើសិនជារបស់នោះ ពិតជាវត្ថុបុរាណបន្សល់ទុកមែននោះ ខាងមន្ទីរប្រាកដជាទិញក្នុងតម្លៃដែលល្អមួយ សម្រាប់យកមករក្សាទុកជាក់ជាមិនខាន។

ងាកមកមើលលើគេហទំព័រឈ្មោះថា aliexpress ដែលជាគេហទំព័ររបស់ចិនបានដាក់លក់របស់ទាំងនោះ ក្នុងគេហទំព័របស់ខ្លួន ដោយមានដូចជា រូប ឃ្លោកស្ពាន់ លក់ក្នុងតម្លៃ ១៩៨ដុល្លាអាមេរិក ឯរូបគីង្គក់ ស្ពាន់ លក់ក្នុងតម្លៃតែ ៤៧ដុល្លាតែប៉ុណ្ណោះ គឺវាពិតជាដូចទៅនឹង រូបស្ពាន់ដែល បុរសខាងលើ អះអាងថាខ្លួនជីកបានមែន។