ជីវប្រវត្ដិសង្ខេបៗ ព្រះបាទអង្គ ឌួង ព្រមទាំងស្នាដៃកសាងជាតិ ដែលកូនខ្មែរ គួរតែដឹង….

ព្រះអង្គ ឌួង ទ្រង់ជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានសោយរាជ្យ ពីឆ្នាំ ១៨៤១-១៨៦០ នៅរាជវាំង ឃ្លាងស្បែក ក្រុង ឧដុង្គ។ ទ្រង់បានប្រសូត នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៧៩៦ ដែលត្រូវជាបុត្រពៅ របស់ព្រះអង្គ អេង នឹងព្រះមាតា ព្រះនាម ព្រះនាង រស់ ព្រមទាំងមានបុត្រ ព្រះនាម បួនអង្គ គឺ អង្គ ភឹម អង្គ ចន្ទ អង្គ អ៊ឹម នឹងព្រះអង្គ ស្ងួន។

ព្រះអង្គ ឌួង នៅពេលដែលព្រះអង្គ ឡើងសោយរាជ្យ ព្រះអង្គបានទទួល បរមងារថា “ ព្រះកុរណា ព្រះបាទសម្ដេច ព្រះហរិេក្សរាមាឥស្សាធិបតី ព្រះអង្គ ឌួង។ ចំណែកឯព្រះនាមក្នុងរាជ្យគឺ “ ព្រះករុណា ព្រះបាទសម្តេច ព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្រ្ទាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជា រាជាណាចក្រ ឧភតោសុជាតិវរ្ម័ន តម្រង់កម្ពុជា មហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជ រាមាមហាកាមារដ្ឋធិបាតនរិន្រ្ទារាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិបតី “។

បន្ទាប់ពីសោយរាជ្យមក ទ្រង់មានព្រះទ័យ សោកស្ដាយ យ៉ាងខ្លាំងដែលទឹកដីខ្មែរ បានបាត់បង់ទៅ សៀម នឹងយួន ព្រោះកាលនោះសេដ្ឋកិច្ចទន់ខ្សោយយ៉ាងខ្លាំង។ ក្នុងឆ្នាំ ១៨៥៤ ទ្រង់បញ្ជាអោយទូតខ្មែរម្នាក់ ទៅទាក់ទងជាមួយបារាំង ដែលតាំងនៅប្រទេស សិង្ហបុរី ក្នុងគោលបំណងដើម្បីអោយបារាំង ជួយការពារទឹកដីខ្មែរ ក្រោមការឈ្លានពានរបស់ សៀម នឹង យួន ប៉ុន្ដែគម្រោងដែលត្រូវជួបបារាំងដើម្បីការពារទឹកដី ខ្មែរ ក៏ត្រូវបានបរាជ័យ ដោយត្រូវបានស្ដេចថៃ រារាំង។

ក្នុងកិច្ចការកសាងប្រទេស ទ្រង់បាន កសាងផ្លូវប្រវែង ៦៤០០ម៉ែត្រ ដែលតភ្ជាប់ពី ក្រុង ឧដុង្គទៅ កំពុងលួង នៅតាមដងផ្លូវធ្វើដំណើរទ្រង់បាន សាងសង់ សាលាសំណាក់ សម្រាប់អោយប្រជាជនឈប់សម្រាក់នៅពេលនឿយហត់។ ក្នុងឆ្នាំ ១៨៤៧ យួនបានគាបសង្កត់ សេដ្ឋកិច្ចខ្មែរតាមដងទន្លេមេគង្គយ៉ាងខ្លាំង ដោយយកពន្ធឆ្លងកាត់ក្នុងតម្លៃថ្លៃ ទ្រង់ក៏បានសាងសង់ កំពុងផែ ខេត្ដ កំពត ដើម្បីរំដោះសេដ្ឋកិច្ចចេញពីសត្រូវ។ ទ្រង់បានសោយទីវង្គតក្នុងឆ្នាំ ១៨៦០ វេលាម៉ោង ៤:១៥នាទី ដោយរោគ មនោបាត ក្នុងព្រះជន្មាយុ ៦៥វស្សា។