ពិតជា​រន្ធត់​ចិត្ត​ណាស់! ប្រវត្តិ​របស់ពីឡុតលោក​ Suneja​ និងពាក្យ​សន្យាជាមួយប្រពន្ធ​របស់លោក តែបែរជាមិនអាច…

សោកនាដកម្ម​ធ្លាក់​យន្តហោះ​ចូល​ទៅក្នុង​សមុទ្រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air ប្រភេទ​ Boeing 737 Max 8​ ជើងហោះហើរ​ JT-610​ បានធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​មានការតក់ស្លុតជាខ្លាំង​ ជាពិសេស​បងប្អូន​សាច់ញាតិ​ផ្ទាល់របស់ជនរងគ្រោះ​ ដែលត្រូវ​បានគេធ្វើការ​សន្និដ្ឋាន​ថា​ មនុស្ស​ចំនួន​១៨៩នាក់​ មានទាំងពីឡុត​ និង​បុគ្គលិក​បម្រើ​ការងារ​ បានបាត់បងជីវិតអស់ហើយ។

ដោយឡែក​បើគិតមកដល់ពេលនេះវិញ​ ក្រុម​អ្នកជំនាញរុុករក​ និង​អ្នកមុជទឹក​បានរកឃើញប្រអប់ខ្មៅទាំង២នោះហើយ​ ដែលគេអាច​មាន​សង្ឃឹម​ថា​ មូលហេតុ​នៃការធ្លាក់យន្តហោះនេះអាចនឹងលេចចេញជា​លទ្ធផល​ក្នុង​ពេលឆាប់នេះផងដែរ​ ខណៈពេលដែលមហាជន​ទូទាំង​ពិភពលោក​កំពុង​តែមានភាពអន្ទះសារ​ និងមានការងើងឆ្ងល់ជាខ្លាំង​ លើមូលហេតុដែលបានបង្កឲ្យយន្តហោះនេះធ្លាក់បានដូច្នេះ​ ព្រោះយន្តហោះ​ មួយ​នេះ​ទើបតែដាក់ឲ្យមានការហោះហើរកាលពីថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ ដែលមាន​រយៈ​ពេល​ត្រឹមតែ៨០០ម៉ោងតែ​ប៉ុណ្ណោះ​នៃការហោះហើរ។

បកមកសាច់រឿងរបស់ពីឡុតម្នាក់ដែលជួប​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​​ គាត់មានឈ្មោះថា​ Bhavye Suneja​ មានអាយុ៣១​ឆ្នាំ រស់​នៅក្នុង​ទីក្រុង​ដេលី ​ប្រទេស​ឥណ្ឌា​ គាត់បានចូលមកបំរើការងារនៅក្រុម​ហ៊ុនរបស់​អាកាសចរណ៍​ឥណ្ឌូនេស៊ី​ Lion Air ​កាលពី​​ខែ​មិនា ឆ្នាំ២០១១​មក​ម្ល៉េះ​ គិតមកដល់ពេលនេះមានរយៈពេលជាង៧ឆ្នាំហើយ។ ពាក់ព័ន្ធ​ក្នុង​ការ​សិក្សា​ ក្នុង​ឆ្នាំ ២០០៥​ គាត់បាន​បញ្ចប់​ផ្នែក​អាកាសចរណ៍​នៅសាលា​ Ahlcon Public School​ ហើយមកដល់ឆ្នាំ​ ២០០៩​ គាត់ក៏បានប្រលង​ជាប់​​យក​ប័ណ្ណបើកបរ​យន្តហោះ​ពី​សាលា Bel Air International​ ក្នុង​នោះផងដែរបើគិតមកដល់ពេលនេះលោកមាន​បទពិសោធន៍​ហោះហើរចំនួន ៦០០០​ម៉ោង។

លោក​ពី​ឡុត​ Suneja​ គាត់បានធ្វើឲ្យ​មិត្តភក្តិ​ និងសាច់ញាតិ​របស់លោកមានការ​រំជួល​ចិត្ត​ជាខ្លាំង​ ព្រោះមុន​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​បានកើតឡើង​ ​គឺ​លោក បាន​ប្រាប់​ទៅភរិយា​ និងមិត្តភ័ក្តិថា​ នៅ​ថ្ងៃ​ទី៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​ខាង​មុខ ​ដែលសល់តែប៉ុន្មានថ្ងៃទៀតទេនឹងមកដល់​ គាត់​នឹង​ទៅ​លេង​ប្រទេសឥណ្ឌា​ដែលជាស្រុកកំណើតរបស់គាត់ ហើយនឹង​មាន​ពិធី​ជប់​លៀង​មួយ​ដ៏​សប្បាយ​រីករាយ​នៅ​ទីក្រុង​ដេលី ​គាត់ក៏បាន​ប្រាប់​មិត្តភក្ដិ​ឲ្យ​ត្រៀម​ខ្លួន​ជា​មុន​ផង​ដែរ។