បើមិនជឿកុំប្រមាថ! ជំនឿពីបុរាណ​ទៅ​លើ​​សត្វ​ ដែលកត់​សម្គាល់​ ហេតុការណ៍ រឿង​រ៉ាវ​ក្នុង​ជីវិត

នេះគឺជាជំនឿដែលដូនតាយើងតាំងពីបុរាណមកបានកត់ចំណាំទុក ទៅលើ​​សត្វ​ក្នុង​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ ហើយត្រូវបានកត់សំគាល់ទៅលើហេតុការណ៍ រឿង​រ៉ាវ​ក្នុង​ជីវិត ដែលនឹងកើតឡើងនាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនោះគឺសុទ្ធសឹងមានការទាក់ទងជាមួយនឹងសត្វមួយចំនួន។

ពស់​ថ្លាន់​វា​ចូល​ផ្ទះ៖ ពស់ថ្លាន់ គឺសត្វពស់ម្យ៉ាងដែលស្លូតបូតហើយមានរាងកាយធំ កាលណាបើសត្វនេះវាបានវាចូលមកផ្ទះរបស់យើងគឺមានន័យថា ផ្ទះនោះនឹងជួបតែសេចក្តីសុខ ហើយជាពិសេស ផ្ទះនោះគឺរកសុីបានកាក់កបតែម្តង។ ហើយប្រសិនបើមានពស់ថ្លាន់វាចូលផ្ទះលោកអ្នកសូមកុំសម្លាប់វាអោយសោះ ព្រោះធ្វើអោយផ្ទះរបស់យើងនឹងនាំតែភាពក្តៅក្រហាយ។ ហើយជំនឿបុរាណ នៅពេលពស់ថ្លាន់ចូលផ្ទះគឺត្រូវអោយកូន និមន្តព្រះសង្ឃមកសូត្រមន្ត សូមសេចក្តីសុខ។

សត្វ​ក្អែក​បូល៖ សត្វក្អែកគឺជាសត្វម្យ៉ាងដែលមានសំលេងយ៉ាងគ្រលួចដោយពេលដែលយើងស្តាប់ទៅធ្វើអោយយើងស្រងេះស្រងោច។ ហើយបើតាមជំនឿបុរាណខ្មែរថា នៅពេលដែលសត្វនេះបានស្រែកបូលខ្លីៗ គឺមានន័យថាមាន​ភ្ញៀវ​សំខាន់​មក​លេង ឬក៍មានអ្នកមកចង់ស្តីដណ្តឹងកូន។ តែបើសិនជាសត្វនេះបូលសំលេងជាលក្ខណះវែងៗវិញ ដែលស្តាប់ទៅកំសត់ គឺមានរឿងមិនល្អហើយ ដូច្នេះចាស់ៗពីដើម បានយកអង្ករមកបាច និងបាននិយាយថាសូម​កុំ​ឱ្យ​មាន​ឧបទ្រព​ចង្រៃ​ណា​មក​បៀតបៀន។

សត្វ​ដំរី៖ សត្វដំរីគឺជាសត្វដែលមានរាងកាយដ៍ធំ ហើយវាគឺជាសត្វដែលស្លុត តែពេលខ្លះក៍វាកាចម្តងម្កាលដែរ ដែលគេច្រើននិយាយថា ដំរីចុះប្រេង។ ដោយចាស់ៗបុរាណ ហាមមិនអោយស្ត្រីដែលមានផ្ទៃពោះជិះលើខ្នងដំរីនោះទេ ព្រោះថា វានឹងធ្វើអោយដំរីខឹង (ដំរីចុះប្រេង) ដែលជាហេតុនាំអោយកើតមានរឿងមិនល្អ។

ខ្លែង​ស្រាក៖ សត្វខ្លែងស្រាកនេះគឺជាសត្វដែលស្រដៀងទៅនឹសត្វទីទុយ ហើយវាក៍រកសុីនៅពេលយប់ដូចសត្វទីទុយដែរ។ ហើយបើតាមជំនឿពីបុរាណសត្វខ្លែងស្រាកគឺសត្វដែលនាំអោយចង្រៃ។ ប្រសិនបើផ្ទះណាមានអ្នកជំងឺធ្ងន់នោះ សត្វនឹងមកស្រែកសំលេងដែលគួរអោយខ្លាច។ ហើយបើសិនជាសត្វនេះមកយំនៅជិតផ្ទះ គឺត្រូវស្រេកដេញ ហើយជេរវា និងដាក់បណ្តាសសារវា​ អោយវាទៅអោយឆ្ងាយ ពីផ្ទះរបស់យើង។

ព្រាប​ថ្ងូរ៖ សត្វព្រាបគឺជាសត្វស្លាបស្រុក ដែលវាភាគច្រើចូលចិត្តរស់នៅក្នុងទីវត្តអារាម ហើយនឹងកន្លែងដែលស្ងបស្ងាត់។ ប្រសិនបើសត្វនេះបានហើរមកនៅក្នុងផ្ទះរបស់យើង គឺមានន័យថាផ្ទះរបស់យើងនឹងជួបតែសេចក្តីសុខ ហើយនិងលាភសំណាងចូលមកឆឹបៗតែម្តង។ ផ្ទុយទៅវិញបើសត្វនេះស្រែកយំគួរអោយអាណិតនោះ ផ្ទះរបស់យើងនឹងជួបរឿងមិនល្អ ដូច្នេះត្រូវនិមន្តព្រះសង្ឃមកសូត្រមិនដើម្បីរំដោះគ្រោះ។

សត្វ​ឃ្មុំ​ធ្វើ​សំបុក​ក្នុង​ផ្ទះ៖ សត្វឃ្មូំគឺសត្វល្អិតម្យ៉ាងដែលវាតែងតែធ្វើការជាក្រុមហើយមានមេមានកើយត្រឹមត្រូវ ហើយប្រសិនជាមានសត្វឃ្មុំមកធ្វើសំបុកក្នុងផ្ទះរបស់យើង នោះក្នុងផ្ទះរបស់យើងនឹងជួបតែរឿងល្អ ហើយនឹងកូនចៅមានសុភមង្គល។ តែបើសិនជាសត្វឃ្មុំនេះទិចសមាជិកក្នុងគ្រួសារយើងនរណាម្នាក់ នោះនឹងក្លាយជារឿងដែលនាំអោយមាន​នូវ​ឧបទ្រព​ចង្រៃ​ទៅវិញ។ ដូច្នេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបអាចឆ្លងផុត។

ឆ្កែ​លូ​​ពេល​មេឃ​ជិត​ភ្លឺ៖ សត្វឆ្កែគឺជាសត្វដែលគឺចូលចិត្តចិញ្ចឹមវាដើម្បីអោយវាព្រូសនៅពេលជួបអ្នកមិនស្គាល់ព្រោះថា អ្នកមិនស្គាល់នោះអាចនឹងជាចោរដែលមានបំណងអាក្រក់មកលើផ្ទះរបស់យើង ហើយវាព្រូសគឺដើម្បីអោយយើងបានដឹង។ តែប្រសិនបើសត្វនេះបែរជាលូរនៅពេលយប់ឡើងវិញគឺមានន័យថា វាបានឃើញខ្មោច ព្រាយ បិសាចហើយ។ តែប្រសិនបើវាលូរសំលេងយ៉ាងវែងៗ នៅពេលជិតភ្លី គឺមានន័យថានៅក្នុងភូមិនោះនឹងជួបរឿងមិនល្អ ដែលអាចនឹងមានចោរចូលទៅលួចទ្រព្យសម្បត្តិអ្នកភូមិ។ ដូច្នេះសូមបងប្អូនមេត្តាប្រយ័ត្នប្រយែង ដោយកុំទៅក្រៅផ្ទះអោយសោះនៅពេលយប់។