នៅចាំ​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​ក្រី​ក្រ ដែលត្អូញត្អែពីជីវភាពទេ ពេលនេះបណ្ណាល័យដែលអ្នកនាង ទ្រី ដាណា ឧបត្ថម្ភ សាង់សង់ជិតរួចហើយ ហើយថែមទាំងជូនថវិកាដល់ក្មេងៗក្នុងម្នាក់ចំនួន

កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានបងប្រុសម្នាក់ ដែលគាត់គឺជាគ្រូបង្រៀនស្ម័គ្រចិត្ត សិស្សក្រីក្រ និងប្អូនៗកុមារាកំព្រា បានបង្ហោះសារថ្លែងរៀបរាប់ប្រាប់អំពីជីវិតរបស់ខ្លួន ព្រោះតែមានការលំបាកខ្លាំង បន្ទាប់ពីអស់ការងារធ្វើ សូម្បីតែអង្ករក៏ជិតអស់ហូប ដែលជាហេតុធ្វើអោយមហាជនជាច្រើនមានការអាណិតអាសូរជាខ្លាំង។

ក្នុងសំណេររបស់បងប្រុសខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Khin Bunthorn បានសរសេរប្រាប់ឱ្យដឹងថា៖”តើសប្បុរសជនមានដឹងទេថា ខ្ញុំរស់សព្វថ្ងៃនេះអាស្រ័យបាន គឺដោយសារ ការប្រកបមុខរបរការងារសំណង់របស់ខ្ញុំនាពេលព្រឹក ហើយបង្ហាត់សិស្សក្រីក្រ និង ក្មេងកំព្រារបស់ខ្ញុំនៅពេលល្ងាច។ តែឥឡូវនេះព្រោះតែកូវីដ១៩ សំណង់ក៏លែងមានគេហៅធ្វើទៀត អង្ករសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។ តើខ្ញុំរស់នៅសង្ឃឹមអ្វីទៀត? នេះឬជីវិតគ្រូស្ម័គ្រចិត្ត? ០៩៦ ៤០២ ៣៤ ៣៥”។

ជាមួយគ្នានេះដែរ បន្ទាប់ពីអ្នកនាង ទ្រី ដាណា បានឃើញការលំបាករបស់បងប្រុសរូបនេះភ្លាម គាត់ក៏បានប្រកាស ស្វែងរកបងប្រុសខាងលើ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖”អាណិតណាស់ មានអ្នកណាស្គាល់ទេ ប្រាប់នាងខ្ញុំផង អរគុណទុកជាមុន”។ ទន្ទឹមនឹងនោះ ក្រោយការបង្ហោះរបស់ អ្នកនាង ទ្រី ដាណា មិនទាន់បាន១ថ្ងៃស្រួលបួលផង អ្នកនាង ទ្រី ដាណា ក៏បានជួបជាមួយលោកគ្រូបង្រៀនខាងលើ និងបានសរសេរប្រាប់ឱ្យដឹងថា៖”លោក​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​ក្រី​ក្រ​ម្នាក់​នេះ​ថា​ចង់​សម្រេច​បំណង សង់​បណ្ណាល័យ​បង្ហើយ​ឱ្យ​ក្មេងៗ​បាន​អាន​សៀវភៅ ពេល​ចប់​កូវីដ១៩ ឥឡូវ​ជួយ​សម្រេច​បំណង​ឱ្យ​គាត់ គាត់​ទិញ​សម្ភារៈ​មក​ធ្វើ​ខ្លួន​ឯង បាន ៤០% នៅ​សល់ ៦០% នាង​ខ្ញុំ​នឹង​ជួយ​បញ្ចប់​ឱ្យ​រួច​រាល់។ បាន​សួរ​នាំ​គាត់​ហើយ គាត់​កំពុង​រស់នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម សរសើរ​គាត់​ណាស់ ព្រឹក​ធ្វើ​ការ​សំណង់ បាន ១៥០០០ ទៅ ២ម៉ឺន យក​ទៅ​បង់​ថ្លៃ​ភ្លើង និង​ទិញ​សម្ភារៈ​បង្រៀន​គួរ​​ក្មេងៗ​ក្រី​ក្រ ៧៥នាក់​មិន​យក​លុយ។

នៅ​ឆ្លៀត​សង់​បណ្ណាល័យ​ទៀត គាត់​ជា​មនុស្ស​ដែល​សង្គម​ត្រូវ​ការ​បំផុត ជា​ពិសេស​គឺ​អ្នក​ជួប​ការ​លំបាក​ដូច​គ្នា។ ដោយសារ​កូវីដ១៩ គ្មាន​អ្នក​ហៅ​គាត់​ធ្វើ​សំណង់​ទេ ហើយ​សិស្ស​ក៏​ផ្អាក​បង្រៀន​បណ្ដោះ​អាសន្ន​ដែរ។ ឥឡូវ​ដេញ​ទា ចិញ្ចឹម​មាន់ គ្រាន់​ចម្អែត​ក្រពះ ទម្រាំ​ចប់​កូវីដ១៩ បើក​បង្រៀន​សិស្ស​ទៀត។ គាត់​ថា ស្បៀង​មាន​គេ​ជួយ​ច្រើន​ដែរ ឥឡូវ​សង់​បណ្ណាល័យ​បញ្ចប់។ ពេល​កូវីដ១៩ ធូរ​ស្បើយ ខ្ញុំ​ប្រហែល​រក​ពេក​ទៅ​លេង​ក្មេងៗ​នៅ​នោះ​ទៀត អាណិត​ពួក​គាត់​ណាស់”។

ដោយឡែក នាថ្ងៃនេះដែរ ទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រោយទំនេរពីកិច្ចការងារ អ្នកនាង ទ្រី ដាណា និងស្វាមី បានអញ្ចើញចុះទៅដល់ទីតាំងបណ្ណាល័យខាងលើ ដើម្បីទៅជួបនឹងប្អូនៗកុមារា កុមារី ដែលជាសិស្សនៅទីនោះ ប្រមាណជិត១០នាក់ ដែលកំពុងតែលាបថ្នាំអគារ ហើយក៏បានចែកថវិកាចំនួន ម្នាក់១០មុឺនរៀល ទុកជាការលើកទឹកចិត្ដ ដែលប្អូនៗដែលខិតខំសាងសង់បណ្ណាល័យនេះ។ បន្ថែមពីលើនេះ លោកគ្រូបង្រៀនស្ម័គ្រចិត្ដខាងលើ ក៏បានស្នើសុំ សុីម៉ង់ ចំនួន ១៥ប៉ាវបន្ថែមទៀត សម្រាប់សាងសង់បន្ទប់រៀនក្បែរនោះ រួមនឹងសៀវភៅសម្រាប់សិក្សា ចាប់ពីកម្រិតថ្នាក់ទី១ ដល់ទី១២ ដោយអ្នកនាង ទ្រី ដាណា យល់ព្រមជូនតាមសំណូមពរទាំងអស់។

ក្នុងនោះដែរ អ្នកនាង ទ្រី ដាណា បានសរសេរប្រាប់ឱ្យដឹងថា៖”បណ្ណាល័យមួយនេះ បង្កើតឡើងដោយក្ដីស្រលាញ់ គ្រូជាមេជាង សិស្សជាកូនជាង ឯខ្ញុំជួយសម្ភារៈ សប្បាយចិត្តណាស់ ឃើញពួកគាត់តស៊ូ ស្រលាញ់ការសិក្សា ទោះបីមានជីវភាពខ្វះខាត។ លោកគ្រូ គាត់បង្រៀនស្ម័គ្រចិត្តទេ សិស្សដូចជាជាង ៧០នាក់ ហើយនិយាយឱ្យចំទៅ គឺដូចបង្រៀនគួរអត់យកលុយចឹង។ គាត់ឆ្លៀតពេលពីធ្វើការសំណង់មកបង្រៀនក្មេងទាំងនេះ។ ពេលកូវីដ អត់ការងារធ្វើ គាត់ឆ្លៀតសង់បណ្ណាល័យសម្រាប់ក្មេង ហើយខ្ញុំក៏ជួយឱ្យឱ្យគាត់សម្រេចបំណងតែម្ដងទៅ។ ឥឡូវក្មេងៗថា ចង់បានសៀវភៅដាក់បណ្ណាល័យទុកអាន ចាំសង់ហើយ ទិញដាក់ឱ្យគាត់។ ប្អូនៗត្រូវខំរៀន អនាគតជីវិតនឹងបានប្រសើរ ឱ្យតែមានការតស៊ូ ខ្ញុំស្រលាញ់អ្នកតស៊ូណាស់”។

សូមទស្សានាវីដេអូខាងក្រោម