ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ត្រូវបានចាប់ផ្ដើមដំឡើងលើផ្លូវសំខាន់ៗ ក្នុងក្រុងព្រះសីហនុ សម្រាប់ពិនិត្យការធ្វើចរាចរណ៍លើដងផ្លូវ

បញ្ហាកកស្ទះចរាចរណ៍ កាន់តែស្មុគស្មាញឡើង និងធ្វើឲ្យអ្នកដំណើរគ្រប់មជ្ឈដ្ឋានកំពុងត្អូញត្អែរ និងធុញទ្រាន់ស្ទើរគ្រប់គ្នា។ ហើយការកកស្ទះចរាចរណ៍នេះ ក៏កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង ដល់សុខភាព ផ្លូវចិត្ត ពេលវេលា ផលិតភាពការងារ ជាពិសេស គឺការចំណាយរបស់ពលរដ្ឋកើនឡើង ដោយមិនដឹងខ្លួន។

កត្ដាដែលបណ្ដាធ្វើឱ្យមានការកកស្ទះចរាចរណ៍ មានដូចជា៖ទី១ មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍ ទី២ អ្នកបើកបរបញ្ច្រាសផ្លូវ ទី៣ បើកបរលើផ្លូវអាទិភាពរបស់អ្នកដទៃ ទី៤ ការចតយានយន្តលើចិញ្ចើមផ្លូវ ទី៥ មិនចេះអធ្យាស្រ័យឱ្យគ្នា ទី៦ ជួសជុលផ្លូវ ទី៧ ការលក់ដូរលើចិញ្ចើមផ្លូវ ទី៨ កំណើនយានយន្ត ទី៩ កំណើនប្រជាជន និងទី១០ ប្រជាពលរដ្ឋមិនទាន់ចេះប្រើសេវាសាធារណៈ។

ទន្ទឹមនឹងនេះដែរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្ដព្រះសីហនុ បានធ្វើការបំពាក់កាមេរ៉ាឆ្លាតវៃជាច្រើនគ្រឿង នៅតាមបណ្ដាផ្លូវសំខាន់ៗជាច្រើន ក្នុងក្រុងព្រះសីហនុ ដើម្បីសម្រាប់ពិនិត្យការធ្វើចរាចរណ៍តាមដងផ្លូវ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ប្រជាជន ខេត្ដព្រះសីហនុ បានប្រាប់ឱ្យដឹងថា៖

“ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ត្រូវបានចាប់ផ្ដើមដំឡើងលើផ្លូវសំខាន់ៗ ក្នុងក្រុងព្រះសីហនុ សម្រាប់ពិនិត្យការធ្វើចរាចរណ៍លើដងផ្លូវ។ ការបំពាក់កាមេរ៉ាសុវត្ថិភាព និងអំពូលភ្លើងបំភ្លឺផ្លូវ នៅតាមដងវិថីឯករាជ្យ លេខ១០០ ។ ការរៀបចំនេះដើម្បីរក្សាបាននូវសុវត្ថិភាព និងការត្រួតពិនិត្យការធ្វើចរាចរណ៍ នៅតាមដងផ្លូវ អមជាមួយនឹងកាមេរ៉ា Fixed Angle សម្រាប់ពិនិត្យចរាចរណ៍តាមទីតាំងភ្លើងស្តុប និងដងផ្លូវ”។