អ្នកនាង ទ្រី ដាណា ៖ ពេលនេះប្អូនបានក្លាយជាអ្នករកស៊ីពិតប្រាកដ 100ភាគរយហើយ ផ្លូវសម្រាប់ដើរ បងបានត្រួសត្រាយរួចហើយ ត្រូវដើរយ៉ាងណាលឿន បើហត់អាចសម្រាក តែមិនត្រូវឈប់ទេ

ដូចដែលប្រិយមិត្ដបានទទួលជ្រាបខ្លះៗរួចមកហើយ ចំពោះរឿងរ៉ាវរបស់យុវជនម្នាក់ ស្ថិតនៅខេត្ដព្រៃវែង ដែលមានឈ្មោះ វណ្ណា បានកំពុងតែធ្វើឱ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការរំជួលចិត្ដជាខ្លាំង ព្រោះតែជីវិតតស៊ូរបស់យុវជនរូបនេះ តស៊ូចិញ្ចឹមជីតា អាយុ៨៩ឆ្នាំ ទាំងដែលខ្លួនឯងពិការដៃទាំងសងខាង ព្រោះតែត្រូវបានខ្សែភ្លើងឆក់ ក្នុងអំឡុងពេលកំពុងធ្វើការ ដែលក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ដៃ ដើម្បីសង្គ្រោះជីវិត។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ តូបដែលអ្នកនាង ទ្រី ដាណា បានឧបត្ថម្ភឱ្យប្អូនប្រុសនោះ គឺបានសាងសង់រួចរាល់អស់ហើយ និងមានការដាក់តាំងលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា យ៉ាងស្រស់ស្អាត ហើយក៏មានមហាជនជាច្រើន បានជួយគាំទ្រយ៉ាងខ្លាំងផងដែរ។

ដោយឡែក ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា បានលើកឡើងថា៖”ពេលនេះ ប្អូនបានក្លាយជាអ្នករកស៊ីពិតប្រាកដ 100% ហើយ ផ្លូវសម្រាប់ដើរ បងបានត្រួសត្រាយរួច ត្រូវដើរយ៉ាងណាលឿន ប្អូនជាអ្នកកំណត់ខ្លួនឯង បើហត់អាចសម្រាក តែមិនត្រូវឈប់ទេ ត្រូវមានសង្ឃឹមជានិច្ច។ ប្អូននៅមានលោកតា ត្រូវការប្អូនដើម្បីមើលថែ មានអ៊ំប្រុស ក្នុងបន្ទុក ហើយនៅមានពេលវេលារាប់ឆ្នាំទៀត ដើម្បីសម្រេចក្ដីស្រមៃ ឃើញជីវិតដ៏ស្រស់បំព្រង ស៊ូស៊ូណា”។