ដឹងការពិតហើយ រូបថតតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួន​ធ្វើសំណង់ គឺជារូបភាពដែលគាត់ធ្វើនៅផ្ទះរបស់គាត់ទេ

រឿងរ៉ាវរបស់យុវជន សុខា ដែលជាតារា Tiktok បានកំពុងក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពី សុខា មានឱកាសក្លាយទៅជាតារា និងត្រូវបានក្រុមហ៊ុនមួយនៅក្នុងស្រុក បានជ្រើសរើសយកមកធ្វើជាតួសម្ដែង ក្នុងខ្សែភាពយន្ដបែបអប់រំ លាយឡំជាមួយកំប្លែង ដែលត្រៀមនឹងចាក់ផ្សាយ នាដើមខែមិថុនា ខាងមុខនេះ។

ទាក់ទងចំពោះរឿងនេះដែរ ក៏មានម្ចាស់គណនីមួយចំនួន បានទាញ លោក ណូយ វ៉ាន់ណេត ចូលមកពាក់ព័ន្ធជាមួយនឹង សុខា ដោយបានលើកឡើងថា ប្អូនស្រី សុខា ប្ដូរពីតារា Tiktok ហូបបាយនៅ មកក្លាយជាតារាសម្ដែង ឯតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត ដែលពោលពេញទៅដោយសមត្ថភាព បែរជាក្លាយទៅជាកម្មករសំណង់ទៅវិញ។ បន្ទាប់ពីមានការចែកចាយ នូវរូបភាព លោក ណូយ វ៉ាន់ណេត រៀបឥដ្ឋធ្វើសំណង់រួចមក នាពេលនេះ យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ណូយ វ៉ាន់ណេត បានចេញមុខបដិសេធចំពោះព័ត៍មានមួយនេះហើយ តាមរយៈលោក អុឹម ជីវ៉ា។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖

“ខ្ញុំបាទ អុឹម ជីវ៉ា ជំនួសមុខអោយបងប្រុស ណយ វណ្ណេត ដែលជាតារាចម្រៀងដ៏ល្បីរបស់ព្រះរាជាណាចក្រកម្ពុជា សូមចេញធ្វើការបដិសេដទាំងស្រុង រាល់ព័ត៍មានក្លែងក្លាយ ការពិតបងប្រុសណយ វណ្ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករសំណង់ដូចគេយកមកផុស ឬយកមកផ្សាយឡើយ គឺពេលនេះបងប្រុសណយ វណ្ណេត កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលមានផ្ទះរហូតដល់បីកន្លែង

ទី១ វីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡា ទី២ នៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ គឺគាត់មានដីនៅខេត្តកំពង់ស្ពឺ អ្វីដែលបងប្អូនឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺ គាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះបងប្រុស ណយ វណ្ណេត គាត់ចេះផ្នែកសាង់សង់ដែរ គឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះបងប្រុសណយ វណ្ណេត មានជីវភាពធូរធារមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។

អាស្រ័យដូចបានជំរាបជូនខាងលើនេះ សូមបងប្អូនមេត្តាជ្រាប ហើយសូមច្រានចោលព័ត៌មានក្លែងក្លាយនឹងទាំងស្រុង ហើយសូមកុំជឿតាមការបំផុសបំផុលបំពុលសង្គមទៀតអី ព្រោះការផុសនេះ គឺអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់បងប្រុស ណយ វណ្ណេត។ សូមបញ្ជាក់ដែរថា បងប្រុស ណយ វណ្ណេត មានកូន៥នាក់ គាត់ចូលនៅឆ្នាំ១៩៨៦ ហើយល្បីល្បាញក្នុងឆ្នាំ៩០ជាង ទីលំនៅបច្ចុប្បន្នមាន៣កន្លែង ហើយទីលំនៅដែលបងប្រុសនៅជាអចន្រៃ្ដ គឺនៅភូមិជំពូកក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមអរគុណ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។