រៀបការ​បាន​៥ឆ្នាំ​ ជួប​ឧបសគ្គ​រាប់​មិន​អស់​ តស៊ូ​មិនលែងដៃគ្នា​ រហូត​មាន​អ្វី​ៗគ្រប់បែបយ៉ាង​

សុភមង្គល​គឺជារឿងដ៏ល្អបំផុតសំរាប់ជីវភាពរស់នៅ​ក្នុង​គ្រួសារ​នីមួយៗ​ ដែលមនុស្សម្នាក់ៗតែងតែប្រាថ្នា​ចង់បាន​ ជាពិសេស​ចង់បាន​នូវមនុស្សដ៏ល្អម្នាក់ ដើម្បីដើរទៅផ្លូវមួយដ៏សែនឆ្ងាយជាមួយគ្នា​ ព្រោះ​ថាប្រសិនបើយើងរើសមនុស្សខុស​ នោះ​សុភមង្គល​ក៏មិនអាចកើតឡើងបានដែរ​ ហើយយើងប្រាកដជារស់នៅក្នុងទុក្ខសោកជារៀងរហូត។ ដោយ​ឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​
Vatt Kanhchana បាន​មានការ​រៀប​រាប់​អំពី​ជីវិត​ជោគជ័យ​របស់​ខ្លួនបន្ទាប់ពីបានចាប់ដៃគ្នាជាមួយស្វាមី​ តស៊ូ​ ឆ្លងកាត់​នូវរឿង​រ៉ាវ​ជាច្រើន​អស់​រយៈពេល​៥ឆ្នាំ​ រហូត​មាន​អ្វី​ៗគ្រប់បែបយ៉ាង​ ដែលពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។ ខាងក្រោម​នេះ​គឺ​ជា​ខ្លាំង​សារទាំងស្រុង​ដែលម្ចាស់​គណនី​រូបនេះបាន​មានការ​រៀប​រាប់​ថា៖

«ថ្ងៃ​នេះ​ថ្ងៃ​ល្អ​ ស្វាគមន៍​សមាជិក​ថ្មី​សម្រាប់​ឆ្នាំ​ដេីមឆ្នាំ2020 ​នាំ​លាភ​នាំ​សំណាង​ណា​កូន​ វាជា​កំលាំង​ញើស​ឈាម​របស់​យើង​ទាំង​ពីរ​នាក់​ សប្បាយ​ចិត្ត​ណាស់​ព្រោះ​វា​ផ្តើម​ពី​ការ​តស៊ូ​មិន​រាថយ​របស់​យើង​។ 5ឆ្នាំ​ដែល​រៀប​ការ​ជា​មួយ​គ្នា​ យើង​ជួប​ឧបសគ្គ​រាប់​មិន​អស់​ តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​សន្យា​ជាមួយ​គ្នា​ថា​ ត្រូវ​តែ​ស៊ូ​ជាមួយ​គ្នា​ ព្យាយាម​បំពេញ​តម្រូវ​ការ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ឆ្នាំ​2015 បងបំពេញចិត្តអូន​ គឺមានតូបនិងមុខរបរតូចមួយ​ ហើយ​និង​ចំណង​ដៃ​មួយ​ដ៏​ធំ​បំផុត​គឺ​កូន​នុន។ ឆ្នាំ​2016 បំណង​ប្រាថ្នា​ទី​2របស់​អូ​ន​ គឺ​ផ្តាច់​ឥវ៉ាន់​និង​ពង្រីក​ហាង​ទទួល​បាន​ជោគជ័យ​។ ឆ្នាំ​2017​ ​បំណង​ប្រាថ្នា​របស់​បង​គឺ​ឡាន​ អូន​ជាអ្នក​បំពេញ​អោយ​បងវិញ​ ទោះ​មិន​ថ្លៃ​តែ​កំលាំង​ញើស​ឈាម​របស់​យើង​ទាំង​ពីរ​ 12000$។ ឆ្នាំ​2018 យើង​បើក​ក្រុមហ៊ុន​ជា​មួយ​គ្នា​ ពង្រីក​មុខ​របរ​យើង​បន្ថែម​ទៀត​ តែ​អ្វី​ដែល​សំខាន់​ពួក​យើង​គិត​ថា​មិន​ទាន់​ចង់​ទិញ​ផ្ទះ​ទេ ទុក​លុយ​រកស៊ី​សិន​ ដាក់​ចិត្ត​ហើយ​ថា​2019​ តែ​សំណាង​យើង​ល្អ​ យើង​បាន​ផ្ទះ​មុន​ការ​គ្រោង​ទុក​។ ឆ្នាំ​2019 យេីង​បាន​ទិញ​ម៉ាស៊ីន​កាត់​និង​ម៉ាស៊ីន​អ៊ុត​ចំនួន​2គ្រឿង​ បន្ថែម​ដែល​វា​ជា​បំណង​ប្រាថ្នា​របស់​បង​ អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ឆ្នាំ​2019​ យេីង​ទទួល​បាន​សមាជិក​ម្នាក់​បន្ថែម​ទៀត​នៅ​ក្នុង​គ្រួសារគឺ​កូន​ប្រុស​ វ៉ាន់​ វឌ្ឍនៈ​ដានីន។ ឆ្នាំ​2020 បងបំពេញ​បំណង​ប្រាថ្នា​អោយ​អូន​វិញ​គឺ​ឡាន​ដែល​អូន​ស្រលាញ់​និង​ចង់​បាន​តាំង​ពី​ឆ្នាំ​2018 haha អ្វី​សំខាន់​បំផុត​កន្លង​មក​រយៈ​ពេល​5ឆ្នាំ ​យើង​មិន​ដែល​រត់​ចោល​គ្នា​ទេ​ យំ​ជាមួយ​គ្នា​ ពិបាក​ចិត្ត​ជា​មួយ​គ្នា​ សើច​ជាមួយ​គ្នា​ រំភើប​ជាមួយ​គ្នា​ សុភមង្គល​គ្រួសារ​កើត​ចេញ​ពី​យើង​ទាំង​ពីរ​នាក់​ចេះ​យល់​ពី​គ្នា​និង​បំពេញតម្រូវការ​អោយ​គ្នា​​ទៅវិញទៅមក​។ បញ្ជាក់​ចុង​ក្រោយ​ គ្មាន​អ្នកណា​ម្នាក់​ជួយ​យើង​ក្រៅ​ពី​ខ្លួន​ឯង​បាន​ទេ​ បើ​យើង​មិន​ប្រឹង​គឺ​ស្មើ​នឹង​អត់​ យេីង​ត្រូវ​មាន​គោលដៅ​និង​ផែនការ​ច្បាស់​លាស់​នៅ​ក្នុង​គ្រួសារ​និង​ជីវិត​របស់​យើង​ ភាព​ជោគជ័យ​នឹង​រត់​មករក​យេីង​បេី​សិន​ជាយេីង​មាន​គំនិត​និង​ជំនឿ​ចិត្ត​ ជាពិសេស​ត្រូវ​ចេះចាប់ឱកាស​ព្រោះ​ពេល​វេលា​ដេីរ​លឿន​ណាស់»​។