ដូចតាមសន្យា ឯកឧត្ដម គួច ចំរើន បានប្រគល់រង្វាន់ជ័យលាភីនិទ្ទេស A ១៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ១.០០០ដុល្លារ

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីមួយរយៈពេលមុននេះ រដ្ឋបាលខេត្ដព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាគណៈអភិបាល និងជាអភិបាលខេត្ដព្រះសីហនុ បានប្រកាសទៅដល់ប្អូនៗដែលជាសិស្សថ្នាក់ទី១២ ដែលនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើប្រលងបាននិទ្ទេស Aនោះ និងទទួលបានម៉ូតូម្នាក់មួយគ្រឿងរួមជាមួយថវិកាចំនួន ១០០០ដុល្លារទៀតផង។

ទន្ទឹមនឹងនេះដែរ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស “A” ឆ្នាំ២០១៩នេះ កាលពីព្រឹកថ្ងៃ១២តុលា២០១៩ ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះ សីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោកស្រី អ៊ុច សោភា ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០១៨- ២០១៩ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងសរុប ១.៥៧០នាក់ ស្រី ៧៥០ នាក់ ប្រឡងជាប់ ១.២២៤នាក់ ស្រី ៦០៥នាក់ ស្មើនឹង ៧៧.៩៦ភាគរយ ។ ក្នុងនោះសិស្សជាប់និទ្ទេសចំនួនA ១៣នាក់ ស្រី ៦នាក់ សិស្សនិទ្ទេសB ៤៧នាក់ ស្រី ២៧នាក់ និទ្ទេសC ៨៥នាក់ ស្រី ៤៩នាក់ និទ្ទេសD ចំនួន ២២១ នាក់ ស្រី ១២០នាក់ និងនិទ្ទេសE ៨៥៨នាក់ ស្រី ៤០៣នាក់។ ក្នុងឱកាសនោះក៏មានផ្តល់រង្វាន់ជ័យលាភីនិទ្ទេស A ១៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ១.០០០ដុល្លា ដោយឡែកសិស្សនិទ្ទេសB បានទទួលបណ្ណ័សរសើរ ជាការលើកទឹកចិត្ត និងផ្តល់លិខិតសរសើរដល់សាលា ដែលមានសិស្សប្រឡងបាននិទ្ទេសA និងថវិកាមួយចំនួនផងដែរ”៕

For More Videos Amazing