ឧត្ដមសេនីយ៍​ឯក​ ស​ ថេត រថយន្ដ​ គ្មានស្លាកលេខ​ នឹងត្រូវចាប់ឃាត់ទុកជាបណ្ដោះអាសន្ន ដើម្បីធ្វើ​ការ

នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ពាក់ព័ន្ធនិងរថយន្ដ​ ទោចក្រ-ត្រីចក្រយានយន្ត​ គ្មានស្លាកលេខ​ នឹងត្រូវចាប់ឃាត់ទុកជាបណ្ដោះអាសន្ន​ រហូត​ទាល់តែម្ចាស់ធ្វេីស្លាកលេខរួចរាល់ទេីបប្រគល់ជូនវិញ​។

ក្នុងសេចក្ដីជូនដំណឹងនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖”ដោយសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ មានរថយន្ដ ទោចក្រ-ត្រីចក្រយានយន្ត​ មួយចំនួនដែលធ្វើចរាចរណ៏ នៅតាមដងផ្លូវគ្មានស្លាកលេខ ឬប្រើប្រាស់ស្លាកលេខមិនប្រក្រតី និងបានឆ្លៀតឱកាសយករថយន្ដ ទោចក្រ-ត្រីចក្រយានយន្ត​ ទាំងអស់នោះ ទៅប្រព្រឹត្ដអំពើឆក់ ប្លន់ ឬធ្វើសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងបង្កគ្រោះថ្នាក់រួចបើកបរគេចវេសពីការទទួលខុសត្រូវ ខុសចំពោះមុខច្បាប់។

ចំពោះមុខដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៏ និងសណ្ដាប់ធ្នាប់សង្គមរាជធានីភ្នំពេញ សំដៅទប់ស្កាត់ បង្រ្កាប់រាល់សកម្មភាពល្មើសច្បាប់ផ្សេងៗទៀត និងផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវតាមរកជនល្មើសមួយចំនួន និងដើម្បីបង្កើនប្រសិទ្ធភាពនៃការគោរពអនុវត្ដច្បាប់ស្ដីពីចរាចរណ៏ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់រថយន្ដ ទោចក្រ-ត្រីចក្រយានយន្ត​ ដែលគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ត្រូវរួសរាន់ទៅបំពេញបែបបទសុំស្លាកលេខ និងប័ណ្ណសម្គាល់រថយន្ដ និងទោចក្រ-ត្រីចក្រយានយន្ត​ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ តទៅ ស្នងការនគរបាលរាជធានីភ្នំពេញ និងចាត់វិធានការណ៏ត្រួតពិនិត្យ ចាប់ឃាត់ជាបណ្ដុះអាសន្នរថយន្ដ និងទោចក្រ-ត្រីចក្រយានយន្ត​ ដែលគ្មានស្លាកលេខយកមករក្សាទុក និងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក រហូតទល់តែធ្វើស្លាកលេខរួចរាល់ហើយ ទើបអនុញ្ញាតឲ្យយកត្រលប់ទៅវិញបាន។ ស្នងការនគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៏គោរពអនុវត្ដច្បាប់ ដោយយកយានយន្ដទៅធ្វើស្លាកលេខ ដើម្បីកុំអោយខាតពេលវេលា និងជៀសផុតការផាកពិន័យនេះ”៕

For More Videos Amazing