តោះមកស្គាល់មុខ បេក្ខនារីទាំង៦រូប ដែលទទួលបាននិទ្ទេស A ត្រូវបានឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូជូនម្នាក់មួយគ្រឿង មានរូបភាព

ដូចដែរប្រិយមិត្ដបានដឹងហើយ សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ (បាក់ឌុប) មាន​បេក្ខជន​ចុះ​ឈ្មោះ​ចំនួន​សរុប ១១៧,០៤៣​នាក់ មាន​២០២​មណ្ឌល និង​៤,៧២៤​បន្ទប់ ​បេក្ខជន​ប្រឡង​ជាប់​ចំនួន ​៧៩,០៥២នាក់ ​ស្មើ​នឹង៦៨.៦២​% ក្នុង​នោះ​សិស្ស​ទទួល​បាន​​និទ្ទេស​ A បាន​ចំនួន ៤៤៣នាក់។

ក្នុងនោះដែរ ចំនួន​បេក្ខជន​​ទទួលដែលទទួល​បាន​និទ្ទេស A ​ក្នុង​​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ តាម​បណ្ដា​រាជធានី/ខេត្ត ដោយមានដូចជា៖ រាជធានីភ្នំពេញ ១៤១នាក់, សៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, តាកែវ ២៩នាក់,
កំពង់ចាម ២៧នាក់, ព្រៃវែង ២៧នាក់, បន្ទាយមានជ័យ ២៥នាក់, កណ្ដាល ២៣នាក់, កំពត ២៣នាក់, ត្បូងឃ្មុំ ១៥នាក់, កំពង់ធំ ១៤នាក់, ព្រះសីហនុ ១៣នាក់

ស្វាយរៀង ៨នាក់, ពោធិ៍សាត់ ៧នាក់, កំពង់ឆ្នាំង ៦នាក់, កំពង់ស្ពឺ ៦នាក់, ក្រចេះ ៤នាក់, រតនគិរី ២នាក់, កោះកុង ១នាក់, មណ្ឌលគិរី ១នាក់, ឧត្ដរមានជ័យ ១នាក់។ ចំណែកឯអ្នកជាប់និទ្ទេស B មានចំនួន ២,៤៣០ និទ្ទេស C មានចំនួន ៥,៨៤៧នាក់ និទ្ទេស D មានចំនួន ១៤,១០០នាក់ និទ្ទេស E មានចំនួន ៥៦,២៣២នាក់។

ដោយឡែកកាលពីព្រឹកមិញនេះ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានប្រគល់រង្វាន់ជូនទៅដល់ប្អូនៗ ដែលទទួលបាននិទ្ទេស A ទាំង៦រូបហើយ ហើយក្នុងនោះដែរ ឯកឧត្ដម បានមានប្រសាសន៏ថា៖

“ទំនៀមដែលថា ស្ត្រីវិលចង្ក្រានមិនជុំ ត្រូវបានបញ្ចប់ត្រឹមនេះ! នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះខ្ញុំបានប្រគល់ម៉ូតូជូនក្មួយៗដែលទទួលបាននិទ្ទេស A ចំនួន ០៦ នាក់ សុទ្ធតែជាយុវនារី រួចហើយ។ អ្វីដែលមានមោទនភាពបំផុតនោះគឺក្មួយស្រីមកពីស្រុកបរសេដ្ឋដែលមាន ឪពុកជាជនពិការ ប៉ុន្តែលោកឪពុកនៅតែខិតខំរកស៊ីទទួលទាន និងផ្តល់ឱកាសឲ្យកូនបានទៅរៀនយ៉ាងទៀងទាត់រហូតទទួលបាននិទ្ទេស A ទៀផង។ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមថ្លែងនូវអំណរអរគុណដល់ឯកឧត្តមលោក លោកឧកញ៉ា លោក លោកស្រីដែលបានចូលរួមឧបត្ថម្ភដល់ក្មួយៗដែលទទួលបាននិទ្ទេស A ទាំងអស់”៕

For More Videos Amazing