ចប់ហើយ ប្អូនស្រី ជា ចាន់ស្រីនាង ដែលមកប្រឡងយឺត ហើយធ្លាក់ដោយស្វ័យប្រវត្តិនោះ ពេលនេះត្រូវបានអ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បកស្រាយ

ប្រិយមិត្ដប្រាកដជាបានជ្រាបហើយ ដែលកាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១៩ ខែសីហា ពិតជារឿងដ៏គួរឲ្យសោកស្ដាយមួយ ចំពោះបេក្ខនារីម្នាក់ ដែល​គាត់មានឈ្មោះ​ ​ជា​ ​ចាន់​ស្រី​នាង​ ​កើតនៅថ្ងៃទី០៨​ ខែ​កញ្ញា​ ​ឆ្នាំ១៩៩៩​ ​មក​ពី​វិទ្យាល័យ​អង្គរ​ ​មិនត្រូវបាន​អនុញ្ញាតិឲ្យចូលប្រឡងនោះឡើយ គឺធ្លាក់ដោយស្វ័យប្រវត្ដិ ព្រោះតែមូលហេតុ មក​ប្រឡង​យឺត​ម៉ោង ​ដោយ​មកដល់​មណ្ឌល​ប្រឡង​នៅ​វេលាម៉ោង​ ​០៨​ព្រឹក​។​

ទាក់ទងចំពោះរឿងនេះដែរ បើយោងតាមរយៈសេចក្ដីរាយការណ៏មួយបានប្រាប់ឱ្យដឹងថា៖”មាន​បេក្ខនារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ម្នាក់​ ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ១០មករា​ ​ខេត្តសៀមរាប​ ​មិន​ត្រូវ​បាន​សន្តិសុខ​អនុញ្ញាត​ឲ្យ​ចូល​ទៅកាន់​មណ្ឌល​ប្រឡង​ឡើយ​ ​ក្រោយពី​នាង​យឺត​ម៉ោង​។​​ យ៉ាងណាក៏ដោយ​ ​បេក្ខនារី​រូប​នោះ​ ​ត្រូវ​បាន​ក្រុមការងារ​យុវជន​ ​អមដំណើរ​យក​ត្រឡប់ទៅ​ផ្ទះ​វិញ​“។

ដោយឡែកនាថ្ងៃនេះដែរ ទី២០ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈអង្គភាពសារព័ត៍មាន TVFB បានប្រាប់ឱ្យដឹងពីការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយរូបលោកបានប្រាប់ឱ្យដឹងពីបញ្ញត្ដិរបស់ក្រសួងអប់រំ សម្រាប់ការប្រឡងនេះ ដែលមានខ្លឹមសារថា៖”មិនអនុញ្ញាតឱ្យចូលប្រឡងឡើយចំពោះបេក្ខជនដែលមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរដោយចេតនា ឬដោយធ្វេសប្រហែស និងត្រូវបានពិន្ទុសូន្យចំពោះករណីផ្ទុយនឹងបទបញ្ញត្តិ និងកម្រិតវិន័យ។

បេក្ខជនដែលមកប្រឡងក្រោយជួងទី២រយៈពេល១៥នាទី គឺបេក្ខជនអាចស្នើសុំសិទ្ធិចូលប្រឡងពីប្រធានមណ្ឌលប្រឡង ហើយប្រធានមណ្ឌលជាអ្នកសម្រេចថាឱ្យបេក្ខជននោះចូល ឬមិនចូល។ ចំណែកករណីកញ្ញា ជា ចាន់ស្រីនាង គឺមកយឺតរហូតដល់ទៅ៣០នាទី ដែលមិនបានប្រឡងលើមុខវិជ្ជាម៉ោងដំបូងនេះ គឺត្រូវបានពិន្ទុសូន្យ ហើយក៏ត្រូវធ្លាក់ដោយស្វ័យប្រវត្តិផងដែរ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃប្រឡងទី១ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន២នាក់ត្រូវបានក្រសួងដាក់ឲ្យធ្លាក់ជាស្វ័យប្រវត្តិតែម្តង ដោយសារយកសំណៅឯកសារនិងទូរស័ព្ទចូលនៅក្នុងបន្ទប់ប្រឡង។ ចំណែកបេក្ខជនមួយរូបទៀតដោយសារតែមានបញ្ហសុខភាពធ្ងន់ធ្ងរមិនអាចចូលរួមប្រឡងបាន ក្នុងចំណោមបេក្ខជនមានបញ្ហាសុខភាពសរុបចំនួន៤៣ករណី”។