ញាក់សាច់ធឺតៗ ក្រោយពីទឹកជនលិចខេត្តព្រះសីហនុរួចមក ស្រាប់តែមានក្រពើ២ក្បាលចេញមក ធ្វើអោយប្រជាពលរដ្ឋចាប់ពួកវាយកទៅ

ទឹកជំនន់បានកំពុងវាយប្រហារខេត្ដព្រះសីហនុយ៉ាងខ្លាំង ដែលបានបណ្ដាឲ្យផ្លូវសំខាន់ៗមួយចំនួនធំលិចលង់អស់គ្មានសល់។ ក្នុងនោះដែរ ស្រាប់តែកាលពីរសៀលថ្ងៃទី១១ ខែសីហា ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ-ពលរដ្ឋជូនដំណឹងមកថា នៅសេតេ ក្នុងក្រុម១ ភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ មានសត្វក្រពេីមួយក្បាល
(មិនដឹងថាជាក្រពើមានអ្នកចិញ្ចឹមឬយ៉ាងណានោះទេ)

បានឡេីងតាមទឹកអូរមកលើដីភូមិ រួចត្រូវបានប្រជាពលរដ្ឋចាប់យករក្សាទុកជាបណ្តោះអាសន្ន ។ បើតាមការសាកសួរតាមទូរសព្ទ័នៅល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩នេះពលរដ្ឋដែលចាប់ក្រពើនេះទុកអោយដឹងថា ក្រពើនេះមានទម្ងន់ប្រហែលជាង 5kg ហើយដំណឹងនេះពលរដ្ឋជូនជ្រាបដល់មន្ត្រីជំនាញចុះមកពិនិត្យ ដោយទាក់ទងតាមទូរសព្ទ័លេខ 069 728 486។

ទាក់ទងដល់ដំណឹងនេះ លោកនេន ចំរើនប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ប្រាប់តាមទូរសព្ទ័មកដែរថា លោកនឹងអោយមន្ត្រីជំនាញចុះទៅពិនិត្យ”។ ទាក់ទងចំពោះរឿងក្រពើខាងលើនេះ ស្រាប់តែនាខណៈពេលមុនបន្ដិច យោងតាមគណនី លោក Huy Bunleng ដដែលបានសរសេរប្រាប់ឱ្យដឹងបន្ថែមជាថ្មីម្ដងទៀតថា៖

“ក្រុងព្រះសីហនុ-កូនក្រពើមួយក្បាលទៀតទម្ងន់ប្រហែលជាង២គីឡូក្រាម ត្រូវបានប្រជាការពារសង្កាត់លេខ៣ ចាប់បាននៅតាមផ្លូវទៅវត្តលើ នាយប់ថ្ងៃទី១១សីហា២០១៩នេះ ក្រោយឃើញកូនក្រពើនេះឡើងមកនៅលើផ្លូវ។ បច្ចុប្បន្នកំពុងរក្សាទុកបណ្តោះអាសន្នដើម្បីប្រគល់ជូនមន្ត្រីជំនាញមកពិនិត្យនិងទទួលយក។ ករណីនេះមន្ត្រីជំនាញអាចទាក់ទងទៅកាន់អជ្ញាធរសង្កាត់លេខ៣។

សូមបញ្ជាក់ថានេះជា កូនក្រពើទី២ហើយដែល រសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្នុងក្រុងព្រះសីហនុ និងត្រូវបានចាប់ទុកនៅថ្ងៃ១១សីហា២០១៩នេះ។ (និយាយលេងទេ មិនដឹងនៅប៉ុន្មានទៀត គួរប្រុងប្រយត្ន័ដែរអ្នកនៅក្បែរអូរ ប្រឡាយ)”។