នេះហើយទឹកចិត្តកូនកតញ្ញូ លោក ម៉ៅ ហាជី សុខចិត្តបោះចោលលុយជាច្រើនមុឺនដុល្លា ដោយសារតែ

អតីត​បេក្ខជន​ក្នុង​កម្មវិធី​ Cambodian Idol រដូវកាលទី១​ លោក​ ម៉ៅ​ ហាជី​ ដែល​បច្ចុប្បន្ន​នេះ​ តារា​ចម្រៀង​រូប​នេះ​ កំពុង​ជ្រកកោន​ក្នុង​ផលិតកម្ម​ថោន​ ហេីយបេីនិយាយពី​ប្រជាប្រិយភាព​ និង​ការគាំទ្រ​នោះ​ គឺកំពុងតែទទួលបាន​យ៉ាង​ខ្លាំង​សម្បើម​តែម្តង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។

ដោយឡែក​ កាលពី​កន្លង​ទៅ​ថ្មីៗនេះ​ លោក​ម៉ៅ​ ហាជី​ ត្រូវ​បាន​ខកខាន​ការចេញសម្តែងច្រៀងនៅ​ សហរដ្ឋអាមេរិក​ ក្នុង​អំឡុង​ខែ​កញ្ញា​និង​តុលា​ខាង​មុខ​នេះ​ ដោយមានខាង Sponsor​ ដល់ទៅ២ផ្សេង​ៗ​គ្នា​ តែត្រូវ​បាន​តារា​ចម្រៀង​រូប​នេះ​ សម្រេច​ផ្អាក​មិនទៅសម្តែង​ ក៏ព្រោះតែ​ម្តាយ​របស់​លោក​ កំពុង​តែ​សម្រាក​ព្យាបាល​នៅប្រទេស​ថៃ​ ។

សូម​ជម្រាប​ផងដែរ​ថា​ អ្នកស្រី​ គង់ សុខា អាយុ៧០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកពោះវៀនធំនៅពេទ្យថៃ រយៈពេលជាង១សប្តាហ៍មកហើយ​ ក្នុង​នោះដែរ​ ក្នុង​នាម​ជា​កូន​កតញ្ញូ​ម្នាក់​ លោក​ ម៉ៅ​ ហាជី​ មិន​អាច​ចាកចេញ​ឆ្ងាយ​ពីម្តាយនា​ពេលនេះ​បានឡេីយ​ ព្រោះលោកកំពុងមានការបារម្ភជាខ្លាំង។

តារា​ចម្រៀង​ខ្មៅ​ស្រស់​ខ្ពស់​សង្ហា​ររូបនេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ «ម្តាយខ្ញុំគាត់វះកាត់នៅពេទ្យថៃ រយៈពេល​ ១សប្តាហ៍មកហើយ គាត់ឈឺជំងឺមហារីកពោះវៀនធំ ហើយទើបតែឈឺ ជាង១ខែនេះទេ។ ក្រុមគ្រូពេទ្យថា ម្តាយខ្ញុំមិនអីទេ​ ព្រោះព្យាបាលទាន់ពេលវេលា ប៉ុន្តែខ្ញុំនៅតែបារម្ភហ្នឹង។

ខ្ញុំបានចេញទៅមើលគាត់នៅថៃ កាលពីថ្ងៃចន្ទ ទី២៩ កក្កដា ព្រោះពេលដឹងថា គាត់ឈឺអ៊ីចឹង​ យើងជាកូនៗពិបាកចិត្តខ្លាំងណាស់»។ គួររំលឹក​ផងដែរ​ថា​ តារាចម្រៀង ថោន រូបនេះថា កន្លងមក​ លោកធ្លាប់ចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េ​ និងអូស្ត្រាលីហើយ ហេតុនេះការទៅច្រៀងនៅប៉ែកអឺរ៉ុប គឺជាជំហ៊ានបន្ទាប់​ នៅពេលដែលម្តាយរបស់លោកបានជាសះស្បើយ ហើយនឹងត្រៀមចេញទៅសម្តែងនៅពេលខាងមុខនេះហើយ។