លោកអុឹម ជីវ៉ា គ្រាន់តែកំហុសតិចតួចមួយទេវាគ្មានទៅស្អីទេ ទូរទស្សន៍ខ្លះមានកំហុសខ្លាំងជាងហង្សមាស១០០ដងទៀត មិនមែនមានតែហង្សមាសមួយទេ

កម្មវិធី Heaven or Hall Cambodia របស់ស្ថានីយទូរទស្សន៏ រស្មី ហង្សមាស បានក្លាយទៅជាការចាប់អារម្មណ៏ យ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស ក្រោយពីខាងកម្មវិធីនេះ បានសួរមួយសំនួរទៅកាន់ លោក កៅ សីហា ដែលមានខ្លឹមសារថា៖”យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។

ជាមួយគ្នានេះផងដែរ លោក កៅ សីហា បានគិតយ៉ាងល្អិតល្អន់រួចរាល់អស់ហើយ រូបលោកក៏បានជ្រើសយកចម្លើយ A ២ប្រភេទ ផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែបែរជាចម្លើយរបស់កម្មវិធី ដោយបានផ្តល់មកវិញ គឺចម្លើយ B ៣ប្រភេទ ទៅវិញ ដោយតាមការបកស្រាយរបស់កម្មវិធីគឺ ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវរុក្ខបាល។

ដោយឡែក ក្នុងខណៈថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្រាប់តែលោក អុឹម ជីវ៉ា បានលើកឡើងថា៖”រឿងកន្លងផុតអោយវាផុតទៅចុះ! ក៏ប៉ុន្តែបើចង់អោយបងប្អូនអស់ចម្ងល់អ្នកគ្រប់គ្រងការផលិតត្រូវចេញមកមកបកស្រាយអោយបានត្រឹមត្រូវ តែបើថាផ្លូវគោកមានបីប្រភេទមិនត្រឹមទេ សូមអ្នកផលិតកម្មវិធីជួយកែតម្រូវឡើងវិញ បើនិយាយពីភូមិវិទ្យាថ្នាក់ទី៩វិញគឺចម្លើយមាន៣ប្រភេទខុសហើយ! ហេតុអីខ្ញុំអះអាងថាខុសព្រោះខ្ញុំអុឹមជីវ៉ាក៏ជាអតីតសិស្សពូកែចំណាត់ថ្នាក់លេខ២ប្រចាំរាជធានីភ្នំពេញដែរ ហើយកាលខ្ញុំប្រលងទូទាំងរាជធានីភ្នំពេញគឺសំនួរនេះក៏មានក្នុងវិញ្ញាសារដែលខ្ញុំប្រលងដែរ កាលនោះ គឺខ្ញុំតំណាងអោយសិស្សពូកែប្រចាំវិទ្យាល័យឥន្រ្ទទេវី។

ហើយបើចង់ដឹងច្បាស់អាចទាក់ទងទៅក្រសួងសាធារណៈការបាន តើចម្លើយផ្លូវគោកមាន២ឬ៣ដឹងហើយ។ សូមបងប្អូនស្វែងយល់ពីផ្លូវ(តាមច្បាប់) ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖ ទី១ ផ្លូវថ្នល់ និង ទី២ ផ្លូវដែក។ ផ្លូវ ថ្នល់ ចែកចេញជា ៤ប្រភេទទៀតគឺ៖ទី១ ផ្លូវជាតិ ទី២ ផ្លូវខេត្ត ទី៣ ផ្លូវលំ(ផ្លូវជនបទ) និងទី៤ ផ្លូវរុក្ខបាល។ ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖១ ផ្លូវគោក២៖ផ្លូវទឹក និងទី៣ ផ្លូវអាកាស។

ខ្ញុំក៏សូមកោតសសើទូរទស្សន៍ហង្សមាស ដែលបានបង្កើតកម្មវិធីកម្សាន្តសប្បាយទាក់ទងទៅ និងចំនេះដឹងទូទៅអោយទស្សនិកជនបានទស្សនា គ្រាន់តែកំហុសតិចតួចមួយទេវាគ្មានទៅស្អីទេកន្លងមកក៏មានកម្មវិធីទូរទស្សន៍ផ្សេងក៏មានកំហុសដោយអចេតនាដូចគ្នា ឯទូរទស្សន៍ខ្លះមានកំហុសខ្លាំងជាងហង្សមាស១០០ដងទៀត មិនមែនមានតែហង្សមាសមួយទេ។ ខាងលើគ្រាន់តែជាគ្រាន់តែជាមតិកែតម្រូវក្នុងន័យស្ថាបនាទេ គ្មានចេតនាផ្ចាញ់ផ្ចាល់ណាមួយឡើយ ឬតែស្កតាមគេឡើយ សូមបងប្អូនរិះគន់ដើម្បីស្ថាបនា កុំរិះគន់ជាន់ពន្លិច ខ្មែរសាមគ្គីខ្មែរឈ្នះ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។