អ្នកគ្រូពេទ្យបង្អែកខេត្តរតនគិរី ដែលល្បីទះកំភ្លៀងអ្នកជំងឺ ពេលនេះត្រូវបានក្រសួងសម្រេច ពិន័យដោយអោយស្ថិតក្នុងស្ថានភាព

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានពិនិត្យមើលដើមដំណើររឿងអស់រយៈពេលប៉ុន្មានថ្ងៃហើយ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានចេញសេចក្ដីប្រកាស ស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យ អោយស្ថិតក្នុងភាពទំនេរគ្មាន ប្រាក់បៀវត្ស ទៅលើអ្នកគ្រូពេទ្យ ណុប យ៉ុម ដែលបានប្រើប្រាស់កាយវិការមិនសមរម្យទៅលើ ស្ដ្រីម្នាក់ដែលជាអ្នកជំងឺ នៅពេលគាត់បានមកស្វែងរកវិស័យសុខាភិបាល។

ទន្ទឹមនឹងនេះផងដែរ យោងតាមរយៈសេចក្ដីសម្រេចនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖”រដ្ឋមន្រ្ដីក្រសួងសុខាភិបាល សម្រេច ប្រការទី១៖ ដាក់លោកស្រី ណុប យ៉ុម កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៧៦ មុខជំនាញ់គិលានុបដ្ឋាយិកា មធ្យមដែលមានក្របខ័ណ្ឌ នៅមន្ទីរពេទ្យខេត្ដរតនគិរី ស្ថិតនៅក្នុងភាពទំនេរគ្មាន ប្រាក់បៀវត្ស តាមវិធានការខាងវិន័យ រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ប្រការទី២៖ ក្របខ័ណ្ឌរបស់លោកស្រី ណុប យ៉ុម ត្រូវរក្សាទុកនៅអង្គភាពសាមុីខ្លួនដដែល។ ប្រការទី៣ លោកស្រី ណុប យ៉ុម ត្រូវដាក់ពាក្យសុំចូលបម្រើការងាររបស់ខ្លួនវិញ ឲ្យបានមុនពេល២ខែមុនពេលផុតកំណត់ នៃរយៈពេលស្ថិតក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស។ ក្នុងករណីហួសការបរិច្ឆទនេះ ត្រូវចាត់ទុកជាការបោះបង់ចោលការងារ។ ប្រការទី៤ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គាធិការក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល ខេត្ដរតនគិរី ព្រមទាំងលោកស្រី ណុប យ៉ុម ត្រូវទទួលនូវការអនុវត្ដតាមប្រការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ដើម្បី ប្រជាជនកម្ពុជា បានសរសេរថា៖”ខ្ញុំបាននាំអ្នកម្តាយឈ្មោះ​ ប៉ះ​ ពាល​ អាយុ​ ៥៦​ឆ្នាំ​ ជនជាតិគ្រឹង​ មកពីភូមិផាក់ណាម​ ឃុំកោះពាក់​ ស្រុកវ៉េីនសៃ​ ទៅពិនិត្យជម្ងឺ​ភ្នែក​ ដល់មន្ទីរពេទ្យ​ លោកគ្រូពេទ្យប្រាប់អាការ:ជម្ងឺគឺមានសភាពធ្ងន់​ ហេីយត្រូវសំរាកព្យាបាល​ វះកាត់ភ្នែករយ:ពេលមួយអាទិត្យ​ យេីងខ្ញុំក៏យល់ព្រមតាមការណែនាំរបស់គ្រូពេទ្យ។

រឿងដែលហួសចិត្តនោះ​ គឺទៅដល់អាគារផ្នែកភ្នែក​បានជួបនឹងអ្នកគ្រូម្នាក់​ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថម៉ាកងាយ​ ពួកអាជនជាតិ​ ល្ងីល្ងឺ​ ភ្លីភ្លឺ​ បិបឹ​ អាចុយម្រាយ​។ ដោយភិនភាគ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត​ ស្គម​ សំបុរស​ តែថ្លេីមធំណាស់​ ហ៊ានលេីកដៃទះកំភ្លាំង​ ឆ្វេងស្តាំ​ និងវាយដៃ​ ចាប់ទាញជេីងដូចទាញអុស​ ខណ:ពេលកំពុងធ្វេីការពិនិត្យអ្នកជម្ងឺ​! អ្នកម្តាយខ្ញុំមានជម្ងឺ​ គរថ្លង់​ ពិការភ្នែកមេីលមិនឃេីញ​ ហេីយមិនអាចស្តាប់​ និងចេះនិយាយភាសារខ្មែរទេ​ ព្រោះគាត់ជាស្រីមេម៉ាយ​ ជនជាតិដេីមភាគតិច​។ បេីតាមការស្តាប់ពីអ្នកជម្ងឺ​ និងអ្នកកំដរផ្សេងឯទៀត​ គេនិយាយថា​ អ្នកគ្រូម្នាក់នេះគឺកាចអាក្រក់ណាស់​ គឺតែងតែជេរ​ និងទះកំភ្លៀងអ្នកជម្ងឺជារឿយៗអញ្ជឹងឯង មិនដឹងគាត់មានខ្សែរក្រាស់ប៉ុណ្ណាទេ ​ទេីបគ្មាននរណាធ្វេីអីគាត់បាន”។