ក្រោយពីម្តាយរបស់លោក បញ្ញាសិទ្ធ បានចេញវីដេអូសុំទោស លោកឧកញ៉ា ឌួង ឆាយ រួចមក ស្រាប់តែលោកឧកញ៉ា​ តបទៅវិញថា

កាលពីមួយរយៈពេលប៉ុន្មានខែមុននេះ ប្រិយមិត្ដនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាបានជ្រាប ចំពោះរឿងរ៉ាវដ៏កក្រើតមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក រួចហើយ ដោយលោក បញ្ញា សិទ្ធ ត្រូវបានក្លឹបកម្សាន្ដ ដ៏ធំនឹងមានឈ្មោះល្បីល្បាញ ក្នុងរាជធានីភ្នំពេញ និងត្រូវជាក្លឹបកម្សាន្ដរបស់លោក ឧកញ៉ា ឌួង ឆាយ នោះគឺ សោនក្លឹប បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយស្នើ “សូមអោយលោក បញ្ញា សិទ្ធ ចូលខ្លួនមកដោះស្រាយចំពោះបំណុល ដែលបានជំពាក់សោនក្លឹប ក្នុងកំឡុងពេលធ្វើការនៅទីនោះ”។ ក្រោយមកលោក ក៏បានដោះស្រាយរឿងនេះចប់សព្វគ្រប់ជាមួយ សោនក្លឹប រួចរាល់អស់ហើយ ពេលវិលត្រលប់មកប្រទេសកម្ពុជាវិញ។

ប៉ុន្ដែស្រាប់តែថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចំពោះការបកស្រាយរបស់លោក បញ្ញា សិទ្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ស្ដាប់រួចហើយក៏បានប្រតិកម្មទៅវិញយ៉ាងខ្លាំង ដោយរូបលោកបានសរសេរលាតត្រដែងសាច់រឿងទាំងប៉ុន្មាន ចំពោះការខ្ចីលុយរបស់លោក បញ្ញា សិទ្ធ នៅលើគេហទំព័រផេក SOUND CLUB ហើយអោយលោក បញ្ញា សិទ្ធ ធ្វើការបកស្រាយ ការពិតចំពោះរឿងនេះវិញ និងសូមទោសដល់ក្រុមហ៊ុន បើមិនដូច្នេះទេ ខាងក្រុមហ៊ុនរបស់លោក និងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ ចំពោះរឿងនេះតែម្ដង។

ទន្ទឹមនឹងនេះផងដែរ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦៖៥០នាទីល្ងាច ម្ដាយបង្កើត លោក បញ្ញា សិទ្ធ ក៏បានឡាយវីដេអូ សូមទោសជាសាធារណទៅដល់លោកឧកញ៉ា ឌួង ឆាយ និងភរិយារបស់លោក ជំនួសកូនរបស់ខ្លួន ព្រោះតែកូនរបស់គាត់មានការនិយាយលើសលួស នៅពេលលោក បញ្ញា សិទ្ធធ្វើការបកស្រាយ ក្នុងកម្មវិធី អាថ៍កំបាំងក្រៅឆាកតារា របស់ស្ថានីយទូរទស្សន៏ Fresh News។ ក្នុងខណៈពេលនោះ ម្ដាយលោក បញ្ញា សិទ្ធ ក៏បានបន្ដទៀតថា៖”សូមចិត្ដទៅដល់លោកឧកញ៉ា ឌួង ឆាយ អោយទុកផ្លូវឲ្យកូនរបស់គាត់រស់នៅធ្វើការចិញ្ចឹមជីវិតរូបគាត់ជាម្ដាយថែមទៀតផង”។

ស្រាប់តែថ្ងៃនេះ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបតែគេហទំព័រ ហ្វេសប៊ុកផេក SOUND CLUB ដែលជារបស់លោកឧកញ៉ា ឌួង ឆាយ បានឆ្លើយតបទៅកាន់ម្ដាយ លោក បញ្ញា សិទ្ធិ រួមជាមួយលោក បញ្ញា សិទ្ធ ចំពោះរឿងឡាយវីដេអូ សូមទោសជាសាធារណមកកាន់រូបលោក។ ក្នុងនោះផងដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានឆ្លើយតបទៅវិញថា៖

“សោន ក្លឹប ដោយឃេីញវីដេអូបកស្រាយរបស់លោក បញ្ញាសិទ្ធិ បែរជាអោយម្តាយជាអ្នកសុំទោសជំនួសលោក ជាសាធារណៈ ទាំងលោកជាមនុស្សធំហេីយនឹងមិនចេះគិត ទទួលខុសត្រូវតែខ្លួនឯងបានហេីយ បែរជាអោយម្តាយជាមនុស្សចាស់នឹងមានជំងឺបែរជាត្រូវមកសុំទោសជំនួសកូនខ្លួនដែលជាអ្នកធ្វេីខុស។ សោន ក្លឹប ព្រមទទួលយកកាសុំទោសពី លោកបញ្ញា សិទ្ធ នឹងសុំអោយលោក បញ្ញាសិទ្ធ មុននឹងនិយាយអ្វីត្រូវមានកាពិចាណាអោយបានខ្ពស់មុននឹងនិយាយ នឹងសុំអោយនឹកឃេីញកន្លែងកាងារដែលតែងតែជួយនៅពេលដែលមានទុក្ខលំបាក។ សោន ក្លឹប សូមអគុណ”។