នៅទីបំផុតលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ត្រូវបានឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកចេញ

ប្រិយមិត្ដបានដឹងហើយ ចំពោះរឿងរ៉ាវស្រ្តីជាប្រពន្ឋដើម តាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាងផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី វេលាម៉ោង ១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន។ ខណ:ពេលស្រ្តីជាប្រពន្ធតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះសំណាក់រួច

រូបនាងបានលើដៃសំពះស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា​ មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីដំណែង​ ដូច្នេះហេីយទេីបនាងដង្ហេីយអោយសម្តេចជួយអន្តរាគមន៍ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះ។

ដោយឡែក ស្រាប់តែមុននេះបន្ដិចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ ឯកឧត្ដម វីល្លាម បានប្រាប់ឱ្យដឹងថា៖”នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចដកលោក អ៊ង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន បន្ទាប់ពីមានរឿងអាស្រូវស្នេហាត្រីកោណ។ លិខិតបង្គាប់ការ លេខ០១២ កយ.បក/១៩ របស់ក្រសួងយុត្តិធម៌ បានតម្រូវឲ្យលោក អ៊ង រី ទៅបង្ហាញវត្តមាននៅក្រសួងរៀងរាល់ម៉ោងធ្វើការ”។