កាន់តែក្តៅហើយពេលនេះ គណៈសង្ឃនាយក បានចេញនូវលិខិត ដោយប្រកាសឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលជាឧបជ្ឈាយ៍ ក្រែងមានបំណងចង់បំបួស កក្កដា សោភ័ណ វិញគឺ

ប្រិយមិត្ដបានដឹងហើយ ចំពោះរឿង ព្រះសង្ឃ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើរឿងខុសឆ្គងជាច្រើន ហើយក៏បានបង្ហោះសារ សុំសឹកលាចាកសិក្ខាបទ ដើម្បីទទួលស្គាល់កំហុសរបស់ខ្លួន តាមកិច្ចព្រមព្រៀង នៅចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ សម្រាប់រាល់ទង្វើខុសឆ្គងរបស់ខ្លួន នៅលើព្រះពុទ្ធសាសនា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

ដោយឡែកនាថ្ងៃនេះផងដែរ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Keo Sasstra បានប្រាប់ឱ្យដឹងថា៖”លេខាធិការដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេច្ចក្តីប្រកាសឲ្យព្រះសង្ឃគ្រប់ព្រះអង្គដែលជាឧបជ្ឈាយ៍ ក្រែងមានបំណងចង់បំបួស កក្កដា សោភ័ណវិញគឺមិនអាច ព្រោះជននេះក្បាលរឹងមិនស្តាប់ដំបូលមាន ហើយបង្កបញ្ហាមិនចេះចប់ដល់វិស័យព្រះពុទ្ធសាសនារបស់ជាតិ! សាស្ត្រា តោះជួយចែកចាយពត៌មាននេះឲ្យបានដឹងដល់ព្រះសង្ឃគ្រប់អង្គផង”។

យ៉ាងណាមុិញ នៅក្នុងខ្លឹមសារសេចក្ដីជូនដំណឹងរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រ កម្ពុជា មានខ្លឹមសារទាំងស្រុងដូចតទៅ៖”សេចក្ដីប្រគេន ជូនដំណឹង លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ប្រគេននឹងជូនដំណឹងចំពោះ ព្រះមេគុណ ព្រះគ្រូអនុគុណ និងមន្រ្ដីសង្ឃគ្រប់ឋានានុក្រម ព្រះមេត្ដាជ្រាបថា ករណី ភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានព្រះគ្រូអនុគណ ខណ្ឌដូនពេញ ឲ្យលាចាគសិក្ខាបទតាមធមវិន័យរួចហើយ

ដោយហេតុថា ភិក្ខុអង្គនេះ គឺជា ទុព្វចជាតិកភិក្ខុ គឺភិក្ខុមានភាពជាអ្នកដែលគេពិបាកស្ដីថា (កាលបើភិក្ខុទាំងឡាយ ពោលប្រដៅតាមធម៍ ភិក្ខុនោះមិនប្រព្រឹត្ដតាម ភិក្ខុបែបនេះហៅថា ទុព្វចជាតិកភិក្ខុ)។ អាស្រ័យហេតុនេះ សូមប្រគេន ព្រះមេគណ ព្រះគ្រូអនុគណ និងមន្រ្ដីសង្ឃគ្រប់ឋានានុក្រម ដែលមានកាត្វកិច្ចជាអ្នកបំបួសកុលបុត្រ

ត្រូវពិនិត្យមើលបុគ្គលិកលក្ខណៈបុគ្គលរូបនេះ ឲ្យហ្មត់ចត់បំផុត ក្នុងករណីដែលមានបំណងចង់បួសឡើងវិញ ត្រូវឲ្យសិក្សារៀនសូត្រធម៍វិន័យ ចេះចាំស្ទាត់សមគួរដល់សេចក្ដីជ្រះថ្លា របស់ពុទ្ធបរិស័ទជាមុនសិន និងត្រូវធានាថាបុគ្គលរូបនេះ ពិតជាបានលះបង់នូវភាពជា ទុព្វចជាតិកភិក្ខុ និងមិនធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់ព្រះសង្ឃ និងព្រះពុទ្ធសាសនារបស់យើង តទៅទៀតឡើយ”។