ត្រៀមខ្លួនអោយហើយទៅ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់ ចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មានលិខិតអនុញ្ញាតសាងសង់ គឺនឹងចាត់វិធានការដូចជា

នាខណៈមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានប្រាប់ឱ្យដឹងថា៖”រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់ខុសលក្ខណៈ​បច្ចេកទេស​ លើកលែងតែសំណង់លំនៅឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ​“។

យ៉ាងណាមិញ ពាក់ព័ន្ធ នឹងសេចក្ដីសម្រេចដែលដាក់ចេញនូវវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ដោយមានខ្លឹមសារទាំងស្រុងថា៖”ឧបនាយករដ្ឋមន្រ្ដី ប្រចាំការរដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី ជម្រាបជូន ទី១ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ទី២ ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ទី៣ ឯកឧត្ដមទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន។ ទី៤ ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងរ៉ែ និងថាមពល។ ទី៥ ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងព័ត៍មាន។

កម្មវត្ថុ៖ ករណីសំណើសុំគោលការណ៏ សម្រេចលើវិធានការចំបាច់ សម្ដៅទប់ស្កាត់លើការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាអាយុជីវិត ទ្រព្យសម្បត្ដិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។ សេចក្ដីដូចបានចែង ក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្រ្ដីសូមជម្រាបជូនឯកឧត្ដមជ្រាបថា

រដ្ឋាភិបាលបានសម្រេចដាក់ចេញនៅវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់សណ្ឋាគារ អាគារស្នាក់នៅរួមអាគារពាណិជ្ជកម្ម អាគាររោងចក្រ អាគារសិប្បកម្ម និងសំណង់ផ្សេងៗទៀត ដែលគ្មានលិខិតអនុញ្ញាតិ ឬសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងតែសំណង់លំនៅដ្ឋាន ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដូចខាងក្រោម៖

ទី១ ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឲ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់។ ទី២ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់ការវិធានការមិនឲ្យមានការ ផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់។ ទី៣ ក្រសួងសារធាណការ និងដឹកជញ្ចូន មិនត្រូវអនុញ្ញាតឲ្យតភ្ជាប់ លូចូលបណ្ដាញលូសាធារណៈ។ ទី៤ ក្រសួង ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្ដល់លិខិតអនុញ្ញាតឲ្យប្រកបរបបអាជីវកម្ម។ ទី៥ ក្រសួងព័ត៍មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឲ្យផ្សព្វផ្សាយពាណិជ្ជកម្ម”។