ធនាគារ ABA បានធ្វើការបកស្រាយ ដោយបុរសម្នាក់បានអះអាងថា គាត់ទទួលបានក្រដាសប្រាក់ $100 មានពាក្យ COPY ពីម៉ាស៊ីន ATM របស់ ABA ដោយលទ្ធផលនៃការស៊ើបអង្កេតរកឃើញថា

ប្រិយមិត្ដបានដឹងហើយ ដោយបុរសម្នាក់មានគណនី ហ្វេសប៊ុកឈ្មោះ Oudam Chea បានបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយខ្លួនបានលើកឡើងចំពោះការដកប្រាក់ពីទូរម៉ាសុីន ATM របស់ធានាគារ ABA ដោយខ្លួនបានអះអាងថា៖”ខ្លួនបានដកប្រាក់ពីម៉ាសុីន ATM របស់ធានាគារ ABA ដោយដកបានក្រដាស់ប្រាក់ក្លែងក្លាយ ១០០ដុល្លារ”។

ជាមួយគ្នានេះផងដែរ ក្នុងខ្លឹមសារដែលម្ចាស់គណនី ហ្វេសប៊ុកខាងលើបានបង្ហោះនោះ មានខ្លឹមសារទាំងស្រុងថា៖”តើមានមនុស្សប៉ុន្មានអ្នកទៅដែលមានសំណាងដកបានលុយក្លែងក្លាយចេញពីទូ​ ATM របស់ធនាគារ​ ABA ពីមុនធ្លាប់ឃើញគេ​ស៊ែរ ព្រោងព្រាតដែរ តែមិនសូវចាប់អារម្មណ៍ ព្រោះប្រើសេវាកម្មរបស់ធនាគារនេះរាប់ឆ្នាំហើយមិនដែលមានបញ្ហា​​ ទើបតែពេលនេះជួបផ្ទាល់ ហើយអ្វីដែលកាន់តែខកចិត្តទៀតនោះ គឺនៅពេលដែលបានលឺពីខាងធនាគារគេថា​​ ខាងធនាគារគឺមិនខុសទេព្រោះគេបានត្រួតពិនិត្យត្រឹមត្រូវហើយមុនពេលយកលុយដាក់ចូលទូ គេថាបញ្ហាមកពីអតិថិជនទុកលុយមិនប្រយ័ត្នបណ្តាលអោយមានអ្នកលួចដូរ​ គេថាបើយើងដកលុយហើយអោយលើកបង្ហាញលេខលុយដាក់មុខ

កាមេរ៉ាផងដើម្បីងាយស្រួលពេលមានបញ្ហា​ ចង់សួរថាតើមានអតិថិជនប៉ុន្មានអ្នកដែលដកលុយចេញពី​ ​ATM ហើយត្រូវលើកលេខលុយបង្ហាញមុខកាមេរ៉ាមុននឹងចាកចេញ? ចំពោះលុយ​​ ១០០ដុល្លា​​ មិនសូវជាស្តាយទេ តែខាងធនាគារគួរតែយកមកគិតឡើងវិញនៅពេលដែលមានអតិថិជនទៅតវ៉ាជាហូរហែរបែបនេះ​ មិនមែននិយាយដោះសារយកតែរួចខ្លួនបែបនេះឡើយ​ គេនិយាយឡើងអោយយើងទៅរកភស្តុតាងថាលុយពិតជាបានដកកន្លែងគេមែន​​ ​ហើយបើមិនសុខចិត្តអោយទៅប្តឹងទៅ​​ សុំសួរថាតើអតិថិជនអាចទៅរកភស្តុតាងពីណាបានបើមិនមិនជាអ្នកកាន់ប្រពន្ធ័ ATM ផង​ ហើយការជំរុញអោយទៅផ្តឹងហ្នឹងត្រូវចំណាយអ្វីខ្លះ? ហើយប្រសិនបើបានលុយហ្នឹងមកវិញតើចុងក្រោយអាចទទួលបានប៉ុន្មានមកវិញ?

ផុសនេះក៏មិនចង់ទាមទារអីទៀតដែរ​ តែសំនូមពរអោយខាងធនាគារមេត្តាចាប់អារម្មណ៍ផងអំពីបណ្តឹងរបស់អតិថិជន​មិនមែននៅសុខៗទំនេរខ្លាំងយកលុយដុល្លារក្លែងក្លាយរត់ទៅធនាគារអោយធនាគារសងទេ នៅពេលដែលលឺបញ្ហាកើតឡើងជារើយៗបែបនេះគួរតែសិក្សារកកំហុសខ្លួន​ផង។ ផ្ញើជូនធនាគារមិនចេះខុស​ ABA (ATM Sothearos near BBU)” ដោយឡែកបន្ទាប់ពីរឿងមួយនេះ ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក កាលពីម្សិលមិញនេះ ធានាគារ ABA ក៏បានចេញសេចក្ដីបំភ្លឺទៅដល់សាធារណៈជន ឲ្យបានជ្រាបពីរឿងខាងលើនេះ ដោយមានខ្លឹមសារថា៖”អតិថិជន និងបងប្អូនអ្នកគាំទ្រធនាគារ ABA ជាទីគោរព!កាលពីម្សិលមិញ យើងខ្ញុំទទួលបានព័ត៌មានពីអ្នកប្រើប្រាស់ហ្វេសបុកឈ្មោះ Oudam Chea ដែលបានអះអាងថា គាត់ទទួលបានក្រដាសប្រាក់ $100 មានពាក្យ COPY ពីម៉ាស៊ីន ATM របស់ ABA (សូមមើលរូបខាងក្រោម)។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រុមការងាររបស់យើងខ្ញុំ បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ហើយយើងខ្ញុំរកឃើញថា Oudam បានមកដកប្រាក់ និងទទួលបានក្រដាសប្រាក់ $100 មួយសន្លឹក និង $20 ចំនួនពីរសន្លឹកពីម៉ាស៊ីន ATM របស់យើងនៅល្ងាចថ្ងៃទី 25 មិថុនា។ រហូតដល់ថ្ងៃទី 1 កក្កដា ទើប Oudam អះអាងថា ក្រដាសប្រាក់ $100 របស់គាត់មានពាក្យ COPY ហើយគាត់បានដាក់ពាក្យបណ្តឹងមកកាន់យើងខ្ញុំ។ លទ្ធផលនៃការស៊ើបអង្កេតរបស់យើងខ្ញុំ បានបង្ហាញថា ក្រដាសប្រាក់ $100 ដែលមានពាក្យ COPY នោះមិនមែនចេញពីម៉ាស៊ីន ATM របស់យើងខ្ញុំឡើយ។ ថ្ងៃនេះ យើងខ្ញុំបានអញ្ជើញ Oudam មកជួបប្រជុំ និងបានបង្ហាញគាត់ពីដំណើរការស៊ើបអង្កេតផ្ទៃក្នុងរបស់យើងខ្ញុំ។ អតិថិជនគាត់បានឃើញនូវភស្តុតាងដែលយើងខ្ញុំបានផ្តល់ជូន បង្ហាញយ៉ាងច្បាស់ថា ម៉ាស៊ីន ATM របស់ធនាគារ ABA មិនបានធ្វើការបញ្ចេញក្រដាសប្រាក់ដែលបានអះអាងនោះទេ។ គាត់ក៏ទទួលស្គាល់នូវភស្តុតាងរបស់យើង និងទទួលយកលទ្ធផល ក៏ដូចជាផុស្ត៍ការសុំទោសរបស់គាត់បន្ទាប់ពីការប្រជុំដូចខាងក្រោម។

អតិថិជនជាទីគោរព ជាថ្មីម្តងទៀត យើងខ្ញុំសូមជម្រាបថា ធនាគារមិនទទួលខុសត្រូវឡើយចំពោះបញ្ហាដែលកើតឡើង ក្រោយពេលដែលលោកអ្នកចាកចេញពីម៉ាស៊ីន ATM ដូច្នេះ សូមមេត្តារាប់ និងពិនិត្យប្រាក់របស់លោកអ្នកភ្លាមៗមុននឹងចាកចេញ។ ប្រសិនបើលោកអ្នកមានការសង្ស័យ ឬសំណួរពាក់ព័ន្ធនឹងក្រដាសប្រាក់ដែលដកចេញពីម៉ាស៊ីន ATM សូមទាក់ទងមកកាន់ 023 225 333 មុននឹងចាកចេញពីម៉ាស៊ីន ATM។ យើងខ្ញុំក៏សូមរំលឹកដល់អតិថិជនផងដែរថា រាល់បញ្ហានានាដែលមានការសង្ស័យ ឬមិនច្បាស់លាស់ សូមទាក់ទងមកធនាគារជាមុនសិន មុនធ្វើការបង្ហោះសារតាមអនឡាញ។ បើមិនដូច្នេះទេ យើងខ្ញុំចាត់ទុកការផ្សព្វផ្សាយនោះ គឺជាទង្វើមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ ហើយយើងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតបន្ថែម និងធ្វើចំណាត់ការតាមផ្លូវច្បាប់។ សូមអរគុណ”!

ទន្ទឹមនឹងនេះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ ក៏បានសរសេរសារសូមទោស ទៅដល់ធានាគារ ABA និងបានស្រាយបំភ្លឺទៅដល់មហាជនឲ្យបានជ្រាបថា៖”ជម្រាប់សួរអ្នកទាំងអស់គ្នាក្នុងបណ្តាញសង្គម​ កាលពីម្សិលមិញខ្ញុំបានសរសេរបង្ហោះសារថាខ្ញុំបានដកលុយក្លែងក្លាយចេញពីទូ​ ATM របស់ធនាគារ​ ABA នៅលើបណ្តោយផ្លូវសុធារស។

បន្ទាប់ពីបានជួបខាងផ្នែកជំនាញៗនិងទទួលការពន្យល់យ៉ាងក្បោះក្បាយពីប្រពន្ធ័លំហូរសាច់ប្រាក់រួចមក​ សបញ្ជាក់អោយឃើញថាកំហុសនេះមិនអាចទៅរួចនៅលើទូ ATM ឡើយ ព្រោះរាល់ប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងហ្មតចត់​ ហើយមាន record នៅក្នុង​ system ទាំងអស់ ហើយមួយទៀតទម្រាំខ្ញុំដឹងថាមានលុយក្លែងក្លាយក្នុងកាបូបខ្ញុំវារំលងចង់មួយសប្តាហ៌ទៅហើយ។ ខ្ញុំសូមអភ័យទោសជាសាធារណ៖ចំពោះការបង្ហោះទាំងអារម្មណ៍ឆេវឆៅទាំងមិនទាន់បានសិក្សាលំអិតអំពីការពិត។ ជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នានិងផ្តាំទៅអ្នកទាំងអស់គ្នាដើម្បីជាសវាងការភ័ណ្ឌច្រលំដោយប្រការណាមួយសូមពិនិត្យអោយបានម៉តចត់មុនពេលចាកចេញពី​ ATM”។