ក្រោយពីបានឮដំណឹងលោក សែម សង្វាត ធ្លាក់ខ្លួនឈឺ ស្រាប់តែកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្ដល់ជាថវិកាទៅកាន់លោកចំនួន

ប្រិយមិត្ដបានដឹងហើយ ចំពោះសមាជិកក្រុម EV Band ម្នាក់ ដោយរូបលោកពិតជាមានឈ្មោះបោះសម្លេងយ៉ាងខ្លាំង កាលពីជាង១០ឆ្នាំមុន នោះគឺលោក សែម សង្វាត ស្រាប់តែបាត់វត្ដមានរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនដឹងទៅប្រកបមុខរបបអ្វី ប៉ុន្ដែស្រាប់តែកាលពីពេលថ្មីៗនេះ មានឃើញរូបថតលោក សែម សង្វាត ប្រែខ្លួនទៅជាស្គមរីងរៃ បាក់កំលាំង ហើយរូបរាងក៏កាន់តែចាស់ខ្លាំងតែម្ដង។

ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ រូបលោកក៏បានឡាយវីដេអូនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបាននិយាយរៀបរាប់ចំពោះការបាត់វត្ដមានរបស់លោក ពីវិស័យសិល្បៈ ដោយរូបលោកបានប្រាប់ឱ្យដឹងថា៖”ខ្លួន រស់នៅស្រុកខ្មែរជាធម្មតាទេ គ្រាន់តែលោក ស្ងាត់អស់រយៈពេលយ៉ាងយូរ ពីព្រោះតែខ្លួនមានជំងឺជាប់កាយធ្ងន់ធ្ងរទើបធ្វើអោយរូបខ្លួនបាត់មុខពីសិល្បៈ ព្រោះតែរវល់តែព្យាបាលខ្លួន ដោយជំងឺរបស់លោក កើតមានចាប់ពីពេលដែលលោកប្រលូកក្នុងវិស័យសិល្បៈមកម្ល៉េះតែមិនសូវធ្ងន់ធ្ងរអាចទ្រាំទ្របាន”។

ដោយឡែកក្ញងថ្ងៃនេះផងដែរ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ សមាជិកម្នាក់ នៅក្នុងក្រុម EV Band ដែលសព្វថ្ងៃនេះអ្នកនាង មានឈ្មោះបោះសំលេងយ៉ាងខ្លាំង និងជាតារាស្រីជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះ នោះគឺអ្នកនាង ឱក សុគន្ធកញ្ញា បានផ្ដល់ជាថវិកាបន្ដិចបន្ដួចសម្រាប់ជួយសម្រួលដល់ជីវៈភាពរបស់នៅប្រចាំថ្ងៃលោក សែម សង្វាត។

ក្នុងនោះផងដែរ លោក សែម សង្វាត ក៏បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុករបស់លោក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”បងសូមថ្លែងអំណរគុណដល់ប្អូនស្រីគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៣០០ដុល្លារ ដល់បងដេីម្បីអោយបងបានសម្រួលនូវជីវភាពកំពុងតែខ្វះខាត និងទុកគ្រាន់ព្យាបាល។ បងសូមអរគុណដល់ប្អូនស្រី ជូនពរអោយប្អូនស្រីមានសេចក្តីសុខនៅក្នុងជីវិត និងក្រុមគ្រួសារ”។