រំភើបចិត្តណាស់ ពេលនេះលុយដែលបានមកពីសប្បុរសជន មានការកើនឡើងទៀតហើយ ដោយជនរងគ្រោះក្នងម្នាក់នឹងទទួលបានទឹកប្រាក់កើនឡើងរហូតដល់ទៅ

ពិតជារឿងមួយដ៏គួរអោយគោរពខ្លាំងណាស់ ក្នុងស្មារតីខ្មែរ ស្រលាញ់ខ្មែរ ដែលបងប្អូនប្រជាពលរដ្ឋបានខិតខំ ជួយជាថវិកាក្នុងមូលនិធិជួយសង្រ្គោះ ក្នុងឧបទ្ទវហេតុដ៏សែនរន្ធត់ ក្នុងការបាក់រលំអាគារកំពស់ ៧ជាន់ ស្ថិតនៅខេត្ដព្រះសីហនុ កាលពីកំឡុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ជិត៥ទៀភ្លឺ ដែលបានបណ្ដាលធ្វើឲ្យប្រជាពលរដ្ឋបម្រើការនៅក្នុងទីនោះ បានស្លាប់បាត់បង់ជីវិតចំនួន ២៨នាក់ និងរងរបួសចំនួន២៦នាក់។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីថវិកាមូលនិធិ នៃសប្បុរសជនមានការកើនឡើង ដោយនៅក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ប្រាប់ជនរួមជាតិឱ្យដឹងថា៖

“ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងស្មារតីអាណិតស្រឡាញ់សម្រាប់បងប្អូនជនរងគ្រោះដែលបណ្តាលមកពី ការរលំអាគារ៧ជាន់នៅខេត្តព្រះសីហនុសប្បុរសជនបានបន្តចូលរួមដោយគិត ត្រឹមម៉ោង៦ល្ងាចថ្ងៃ២៧មិថុនានេះថវិកាបានកើនឡើងពី2,368,400ដុល្លារ ដល់2,512,821ដុល្លារ។

ដោយដក300,000ដុល្លារចែកជូនអ្នករបួសថវិកានៅសល់កើនពី2,068,400ដុល្លារ ដល់2,212,821ដុល្លារ សម្រាប់ចែកជូនអ្នកស្លាប់ចំនួន២៨នាក់បានកើនឡើងពី73,870ដុល្លារ ដល់79,001ដុល្លារសម្រាប់សពម្នាក់(នៅសល់៣២សេន)។ ប្រសិនគិតទាំងព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈព្រមទាំងថវិកាពីសំណាក់រដ្ឋសភាព្រឹទ្ធសភា​ រាជរដ្ឋាភិបាល កាកបាទក្រហមនិងសប្បុរសជនចូលផ្ទាល់ផងអ្នកស្លាប់មួយនាក់ទទួលបាន លើសពីជាង៩មុឺនដុល្លាឬជិត៤០០លាន រៀលដែលជួយសម្រាលការលំបាកដល់ ក្រុមគ្រួសារដែលនៅរស់។

ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមតាមការអំពាវនាវរបស់ខ្ញុំ។ សម្រាប់កម្លាំងចូលរួមប្រតិបត្តិការរុករកនិងសង្រ្គោះក្រោមការបញ្ជាផ្ទាល់នៅហ្នឹងកន្លែងពីសំណាក់ឯកឧត្តមយន្ត មីនត្រូវបានវាយ តម្លៃខ្ពស់និងកោតសរសើរពីគ្រប់ទិសទីដែលខ្ញុំសូមថ្លែងអំណរគុណនិងផ្តល់នូវមេដាយមាសមួយគ្រឿងម្នាក់។

សម្រាប់ថវិកាខ្ញុំបានឧបត្ថម្ភម្នាក់100ដុល្លារ ជាបុរសនិង200ដុល្លារ ជានារីរួចហើយនិងបន្ថែមជូន 100ដុល្លារ ម្នាក់ទៀតទាំងបុរសនិងនារីនៅ ពេលទទួលមេដាយមាសនាពេលខាងមុខ។ ខ្ញុំសូមប្រកាសបញ្ឈប់ការទទួលជំនួយពី សប្បុរសជនចាប់ពីពេលនេះតទៅ និងសូមអរគុណជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលជួយឈឺឆ្អាលជាមួយជន រងគ្រោះ។ (ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)”។