មន្ត្រីផ្កាយ៣ ដែលទៅថតសែលហ្វីនៅចំណុច អគារបាក់រលំ សើចមុខរីកដូចគ្រាប់ជី ត្រូវបានមហារិះគន់នោះ ពេលនេះកូនស្រីរបស់លោក បានបង្ហោះសារទម្លាយរឿងក្នុងគ្រួសារថា

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់បណ្ដញសង្គម ហ្វេសប៊ុក ប្រាកដជាបានចងចាំនូវរឿងខ្លះៗហើយ ដែលកាលពីប៉ុន្មានខែមុននេះ ផ្ទុះរឿងរ៉ាវលោក ផ្កាយ៣ ម្នាក់បានមានប្រពន្ធចុង ហើយថែមទាំងបានធ្វើបាបដល់ប្រពន្ធដើម រហូតធ្វើអោយប្រពន្ធដើម បានបង្ហោះសារជីកកកាយផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីម្នាក់ ដែលជាកូនស្រីបង្កើតលោក ផ្កាយ៣ ឈ្មោះ Ko Sol បានលើកឡើងឱ្យដឹងថា៖”លោកប៉ាខ្ញុំ ពេលនៅជាមួយពួកខ្ញុំ គាត់អត់សើចទេ មានតែទឹកមុខក្រញូវនឹងពាក្យជេរដៀលប៉ុណ្ណោះ។

ពេលនៅជាមួយសហាយស្មន់វិញ មុខលោកប៉ាខ្ញុំរីកដូចគ្រាប់ជី លោកប៉ាខ្ញុំចេញពីផ្ទះ ឮថាសប្បាយរហូតហ្នឹង អ៊ីចឹងហើយ ទើបធ្វើឲ្យគាត់ញញឹមសើចភ្លេចខ្លួន គេកាន់ទុក្ខគ្រប់គ្នា លោកប៉ាខ្ញុំបែរជាប្រឹងថត សែលហ្វីជាមួយគេញញឹមគ្រប់ប៉ុស្ដិ៍។ កូនហួសចិត្តណាស់ ពេលឃើញទង្វើប៉ាបែបនេះ។

បើពិនិត្យរូបថតទាំងនោះ លោកពូ លូ គឹមឈុន គាត់ញញឹមអត់ខុសទេ ព្រោះលោកប៉ាឋានៈផ្កាយបីអ្នកថតសែលហ្វី ហើយលោកប៉ាញញឹម នរណាមិនញញឹមតាម ហើយលោកប៉ានឹងគាត់ស្និទ្ធនឹងគ្នាទៀត។ រូបថតប៉ុន្មានសន្លឹកនោះ ឃើញតែលោកប៉ាញញឹមរហូត មានតែប៉ុន្មានសន្លឹកថតជាមួយពួកកូនទេទើបលោកប៉ាមិនញញឹម។ លោកប៉ាសប្បាយចិត្តនឹងទឹកភ្នែកប្រពន្ធកូនមិនឆ្អែតឆ្អន់ នៅទៅខំសើចសប្បាយចិត្តនឹងគំនរទុក្ខរបស់ជនរងគ្រោះទៀត។

លោកប៉ាលួចមានស្រីហើយ នៅប្រើអំណាចតុលាការតាមធ្វើបាបអ្នកម៉ាក់របស់កូននឹងពួកកូនទៀត។ ប្ដឹងម៉ាក់រាប់ខែហើយ ម៉ាក់ចូលទៅបំភ្លឺច្រើនដងហើយ នៅអត់រលូនទៅមុខទៀត លោកប៉ាខ្ញុំសាហាវណាស់ សូម្បីខ្ញុំជាមនុស្សពិការហើយ ក៏លោកប៉ាខ្ញុំមិនលើកលែងដែរ នៅប្ដឹងទារចែកទ្រព្យដោយមិនចែកឲ្យខ្ញុំមួយរៀល លោកប៉ាខ្ញុំ ចង់ឲ្យពួកខ្ញុំដាច់បាយស្លាប់ហើយ។

ដឹងហើយថាលោកប៉ាឋានៈធំ លោកប៉ាផ្កាយបី ហើយធ្វើជាទីព្រឹក្សារបស់សម្ដេចតេជោសែនទៀត តុលាការអត់ហ៊ានចាត់ការលោកប៉ាទេ។ តែលោកប៉ាត្រូវចាំថា បាបកម្មគង់តែមាន លោកប៉ាមិនទទួលជាតិនេះ ជាតិក្រោយលោកប៉ាគង់តែទទួលទេ”។

នារីខាងលើ បានបន្ថែមទៀតថា៖”រឿងលោកប៉ាខ្ញុំមានសហាយស្មន់ ធ្វើបាបម៉ាក់ខ្ញុំ ។ល។ ម៉ាក់ខ្ញុំធ្លាប់បង្ហោះយូរហើយ តែអត់មានអ្នកសារព័ត៌មានធំៗណាជួយផ្សាយឡើយ។ ហើយធ្លាប់បង្ហោះចូលផេកសម្ដេចពុកដែរ តែក្រោយមកស្រាប់តែប៉ាខ្ញុំឡើងឋានៈថែម ធ្វើឲ្យពួកខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់

អ្នកម៉ាក់ខ្ញុំអត់មានលុយទេ មិនដឹងទៅពឹងនរណាឡើយ មានញាតិខ្លះចិត្តជាព្រះ ចិត្តជាទេវតា ធ្លាប់ឲ្យលុយម៉ាក់ខ្ញុំដែរ តែជម្ងឺរោគាបានបំផ្លាញលុយបន្ដិចបន្ដួចនោះអស់ហើយ ពួកខ្ញុំទាំងបីនាក់សុទ្ធតែមានជម្ងឺជាប្រចាំកាយ ខំផ្ញើសារទៅផេកសម្ដេចពុក តែសម្ដេចពុកលោកមើលមិនឃើញទេ ហើយម្យ៉ាងទៀតសម្ដេចពុកលោកជាទេវតាថែរក្សាជាតិខ្មែរ។

លោកមានការងាររាប់លានជំពូកដែលត្រូវដោះស្រាយ។រឿងគ្រួសារខ្ញុំជារឿងតូចតាចទេ ដូច្នេះខ្ញុំមានតែពឹងលោកឪពុកអ្នកម៉ែបងប្អូននៅក្នុងបណ្ដាញ់សង្គមហ្វេសប៊ុកជួយshareដើម្បីជួយរកយុត្តិធម៌ដល់ពួកខ្ញុំផងតែប៉ុណ្ណោះ។ សូមជួយស៊ែរផង សូមជួយអ្នកម្ដាយខ្ញុំផង”។