តារា​ល្បីៗជាច្រើន​ដួង បានបង្ហោះសារ​រំលែក​ទុក្ខ​របស់​​​ ក្នុង​សោដនាដកម្ម​បាក់លំ​អគារ​កម្ពស់​៧ជាន់​ នៅខេត្ត​ព្រះសីហនុ ទាំងក្តីសោកសៅថា​

ប្រជាជន​ខ្មែរ​នៅទូទាំង​ប្រទេស​ បាន​មានក្តីក្រៀមក្រំខ្លាំង​បំផុត​ ចំពោះ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដែលហេតុ​ការ​ណ៏ដ៏​រន្ធត់​នេះ​ បានសម្លាប់​មនុស្ស​ និង​បង្កជារបួស​អស់ជាច្រេីននាក់​ ហេីយក៏កំពុង​ត្រូវ​បាន​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់​ផងដែរ​។

គួរ​បញ្ជាក់​ថា​​ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង​ ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ​ ចំនួនអ្នកស្លាប់កើនដល់១៨នាក់ ក្នុង​នោះស្រី​៤នាក់​ និងអ្នករបួស២៤នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ។

ក្នុង​នោះដែរ​ ប្រមុខរដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បា​ន​ប្រកាសសម្រេចជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ ក្រុមគ្រួសារអ្នកស្លាប់ទទួលបាន៤០លានរៀល និងអ្នករងរបួសចំនួន៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

យ៉ាង​ណាមិញ​ ចំពោះ​សោដនាដកម្មដ៏​អាក្រក់​នេះ​ គេក៏បានឃើញតារាល្បីៗជាច្រើនរូបបានបង្ហោះសាររំលែកទុក្ខដល់គ្រួសារសពផងដែរ ដែលមានដូចជា៖​ សុគន្ធ និសា បានសរសេរថា “ជីវិតកម្មករ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពទាំងអស់ក្នុងហេតុការណ៍ដ៏រន្ធត់នេះ និងសូមឲ្យជនរងគ្រោះដែលមានរបួសទាំងអស់ឆាប់ជាសះស្បើយ សូមទេវតាជួយថែរក្សារប្រទេសយើងឲ្យបានសុខសុវត្ថិភាពគ្រប់ៗគ្នា”។

ចំណែក​ឯ​ ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “សូមចូលរួមរំលែកទុក្ខ​យ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋ​ខ្មែរ​”។​ លោក ឆន សុវណ្ណារាជវិញ ពោលថា “សូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះរហូតបាត់បង់ជីវិត និងសូមឲ្យបងប្អូនដែលរងរបួសឆាប់បានធូរស្បើយក្នុងហេតុការណ៍រលំបាក់អគារនៅខេត្តព្រះសីហនុ​”​ និងតារាចម្រៀង សុខ ពិសី បានបង្ហោះសាររំលែកទុក្ខមួយផងដែរថា “នាងខ្ញុំសុខពិសីសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះហេតុការណ៍បាក់រលំអគារធ្វើអោយបាត់បង់ជីវិតបងប្អូនជាច្រើននាក់ផង”។