ឯក​ឧត្ដម​ ហ៊ុន​ ម៉ានិត​ ប្រតិកម្ម​ និង​បានចេញមុខបកស្រាយចំពោះ​ព័ត៌មាន​មួយ​ ដែលបាន​ចោទថា​ ឯកឧត្ដម​ និង​ប្អូនស្រី​ មានទឹកលុយ​ក្នុង​ធនាគារ​របស់​អាមេរិក​ ចំនួន​ដល់ទៅ​ ១០០លានដុល្លារ​សហរដ្ឋអាមេរិក​

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ឯក​ឧត្ដម​ ហ៊ុន​ ម៉ានិត​ បាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​មួយដែលបានចោតថា​ ឯក​ឧត្ដម​មានទឹកប្រាក់ក្នុង​ធនាគារ​មួយរបស់​អាមេរិក​ ចំនួន​ដល់ទៅ​ ១០០លានដុល្លារ​សហរដ្ឋអាមេរិក​។ ទាក់ទង​នឹង​ព័ត៌មាន​មួយ​នេះ​ ឯក​ឧត្ដម​ ហ៊ុន​ ម៉ានិត​ ក៏បានមានការ​បញ្ជាក់​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​មាន​អត្ថន័យ​ និង​ខ្លឹមសារ​រៀប​រាប់​ទាំង​ស្រុង​ថា៖​

«ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងគណនីធនាគារមួយរបស់អាមេរិក ដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំថា មានទឹកប្រាក់នៅក្នុងនោះទៅដល់ 100លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះ គឺបានបង្កើតឡើងដោយក្រុមប្រឆាំង

ក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិច និងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល?

ដោយសារករណីបែបនេះ មិនមែនជាលើកទី 1 ទេ ដែលកន្លងមកក្រុមប្រឆាំង ប្រើ ព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំ ជាបន្តបន្ទាប់ អស់ពីរឿងមួយ ទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរ ចំពោះក្រុមនេះថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថា ចំណុចអ្វីខ្លះ គួរតែចាក់រុក»។