ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំនេះ កាកបាទក្រហមកម្ពុជា ទទួល​បាន​មូលនិធិ​រហូតដល់ទៅចំនួន…..

នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”។ ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភាហើយនោះ ក៏មានការអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង​៤ពាន់នាក់។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

បេីតាមរបាយការណ៍ កាកបាទក្រហមកម្ពុជា​ ៨​ ឧសភា​ ឆ្នាំ​២០១៩​ ដែលទទួលបាន​ការ​ឧបត្តម្ភ​ពី​សប្បុរស​ជន​នានា​ ដែលបាននាំគ្នាចូលរួមនោះ​ គឺមានចំនួន​ ២០,៧​លាន​ដុល្លារ​អាមេរិក​ ចំណែកក្នុង​ឆ្នាំ​២០១៨​ មានចំនួន​ ១៨លាន​ និងក្នុងឆ្នាំ​២០១៧​ មានចំនួន​ ១៣,៤លាន​ បេីប្រៀបធៀបគ្នា​គឺមានការកេីនឡេីងជារៀងរាល់ឆ្នាំ​ ដែលនេះគឺជា​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​ អង្គភាព​សារព័ត៌មាន​ Fresh News។