លោកផែង វណ្ណៈ តំណាឲ្យជនបង្កគ្រោះថ្នាក់ បានមកចូលរួមពិធីបុណ្យសព របស់ជនរងគ្រោះ ឈ្មោះ ឌុំ រីដា និងបានពាំនាំថវិកាជូនក្រុមគ្រួសារសពចំនួន…..(មានវីដេអូ)

មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ ​ទូទាំង​រាជ​ធានី​ភ្នំពេញ​ កំពុង​តែ​មានការ​រន្ធត់​ និង​ក្តុកក្តួល​ឥតឧបមា​ ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​​ព្រៃផ្សៃ​មួយ​ ដែល​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ Rang Rover ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF 7777 បាន​ប្រល័យ​នារី​រងគ្រោះម្នាក់​ ​ជានិស្សិត​ឆ្នាំទី៤ ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុតនៅកន្លែង​កេីត​ហេតុ​។

ចំពោះ​ អត្តសញ្ញាណអ្នកបើកបររថយន្ត​ ស៊េរី​ទំនើប​ RANGE ROVER​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​​2AF-7777​ បុកនិស្សិតស្រី​ ឆ្នាំទី៤​ ស្លាប់យ៉ាង​អាណោចអាធ័ម​នោះ​ ត្រូវ​បាន​គេស្គាល់ថាគឺ​ ជាកូនស្រីថៅកែសណ្ឋាគារ​ ប្រេមអិចប្រេសអង្គរ​ ស្ថិតក្នុង​ខេត្ត​សៀមរាប​ និងមានឪពុកឈ្មោះ​ យិន ហ្គិច ជាសមាជិកក្រុមប្រឹក្សាខេត្ត​សៀមរាប​ ចំណែក​ឯ​នារី​បង្កហេតុឈ្មោះ យិន ម៉ាណា​។

ហេីយមកដល់ពេលនេះ​ ជន​បង្កបាន​ចេញមុខ​ទទួលខុសត្រូវ​ចំពោះហេតុការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែលបង្កឲ្យ​នារី​រងគ្រោះ​ខាងលេីបានបាត់បង​ជីវិត​ហេីយ​។ ដោយ​ឡែក​ នៅមុននេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ ផែង​ វណ្ណៈ​ តំណាង​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ខាងលេី​ បានឲ្យដឹងថា​៖​

«នៅវេលាម៉ោង​ ១២:០០​ នាទី​ ថ្ងៃទី​២៧​ ខែ​មិនា​ ឆ្នាំ​២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​ ទៅចូលបុណ្យសព​ ក្មួយស្រី​ ឌុំ​ រីដា​ នៅភូមិ​កំពង់​ដំរី​ ឃុំ​ ព្រែក​តាម៉ាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ។

បន្ទាប់ពី​បុណ្យសពរួច​ ឪពុក​ម្តាយ​ ក្មួយ​ស្រី​នឹង​ ឡេីងមកដោះស្រាយ​ ដេីម្បីទទួលសំណងរដ្ឋប្បវេណី​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។ ចំពោះ​បញ្ហា​អ្នកបេីកបរ​ ​តុលាការ​នឹងបន្តការងារតាមនិតិវិធី​។ សូមវិញ្ញាណក្ខន្ត​ក្មួយ​ស្រី​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​» ។

គួររំលឹក​ដែរ​ថា​ ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កក្រើក​នេះ​ បាន​កេីតឡេីង​កាលពី​នេះវេលាម៉ោង​ ២រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ​ ៥២៨ កែងផ្លូវលេខ​ ៣១៧ ក្នុងសង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមទស្សនាវីដេអូខាងក្រោម